ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងបើកការវាយប្រហារលើក្រុមជួញដូរគ្រឿងញៀន នៅតាមព្រំដែនភាគខាងត្បូង ក្នុងពេលឆាប់ៗនេះ។

នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងរដ្ឋឆ្នេរសមុទ្រ Guerrero លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់លោកស្រី ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាការជួញដូរគ្រឿងញៀន ខណៈដែលលោក Trump បានអះអាងថា ប្រតិបត្តិការដឹកនាំដោយយោធា ពាក់ព័ន្ធនឹងការវាយប្រហារនៅដែនដីម៉ិកស៊ិក កំពុងជិតកើតឡើង។
លោកស្រី Sheinbaum បាននិយាយថា៖ «យើងនឹងពង្រឹងការប្រាស្រ័យទាក់ទង ជាមូលហេតុដែលខ្ញុំបានស្នើសុំឲ្យ (រដ្ឋមន្ត្រីការបរទេស) លោក Juan Ramon de la Fuente ជួបជាមួយរដ្ឋមន្ត្រីការបរទេស (សហរដ្ឋអាមេរិក)។ កាលពី ៣ថ្ងៃមុន រដ្ឋមន្ត្រីការបរទេសអាមេរិក (លោក Marco Rubio) ផ្ទាល់ បាននិយាយអំពីការសម្របសម្រួលដ៏ល្អ មានក្រុមការងារ ដូច្នេះ យើងនឹងពង្រឹងទំនាក់ទំនងបន្ថែមទៀត។ យើងកំពុងផ្តល់ព័ត៌មាន ពោលគឺសរុបមក ពួកគេមានព័ត៌មានទាំងអស់»។
គួរបញ្ជាក់ថា បន្ទាប់ពីមានប្រតិបត្តិការយោធាអាមេរិក កាលពីថ្ងៃទី៣ ខែមករា នៅប្រទេសវ៉េណេស៊ុយអេឡា ដែលនាំឲ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro លោក Trump បាននិយាយថា ម៉ិកស៊ិក គឺជាប្រទេសបន្ទាប់សម្រាប់ការវាយប្រហារប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ ដោយអះអាងថាក្រុមជួញដូរគ្រឿងញៀន គឺជាកម្លាំងគ្រប់គ្រងប្រទេសម៉ិកស៊ិកពិតប្រាកដ ហើយលោកស្រី Sheinbaum មិនអាចតទល់ជាមួយពួកគេបាននោះ លោក Trump បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹង «ចាប់ផ្តើមវាយប្រហារផ្លូវគោកឥឡូវនេះ»៕
