ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ប្រទេសទាំង៣ «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការសម្លាប់បាតុករ នៅអ៊ីរ៉ង់។

តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសអឺរ៉ុបទាំង៣ បានលើកឡើងថា៖ «យើងមានក្ដីបារម្ភយ៉ាងខ្លាំង អំពីរបាយការណ៍ ជុំវិញការមានអំពើហិង្សាដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ហើយថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់បាតុករ។ អាជ្ញាធរអ៊ីរ៉ង់មានកាតព្វកិច្ចការពារប្រជាជនរបស់ពួកគេ ហើយត្រូវតែអនុញ្ញាតឲ្យមានសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបជុំគ្នាដោយសន្តិវិធី ដោយគ្មានការភ័យខ្លាចពីការសងសឹក។ យើងជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់អនុវត្តភាពអត់ធ្មត់ ជៀសវាងកុំប្រើអំពើហិង្សា និងគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋអ៊ីរ៉ង់»។
អ៊ីរ៉ង់ត្រូវបានរង្គោះរង្គើដោយការតវ៉ា ដែលបានចាប់ផ្តើមជាលើកដំបូង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅឯផ្សារ Grand Bazaar ក្នុងទីក្រុងតេអេរ៉ង់ ដែលជាបេះដូងនៃសកម្មភាពអាជីវកម្មរបស់រដ្ឋធានី ដោយហេតុការណ៍នោះកើតឡើងដោយសារតែការមិនពេញចិត្តនឹងការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃរូបិយប័ណ្ណជាតិ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ក្រោយមក បាតុកម្មបានរីករាលដាលដល់ទីក្រុងជាច្រើនទូទាំងប្រទេស។
អាជ្ញាធរមិនទាន់បានចេញផ្សាយតួលេខផ្លូវការ ស្តីពីអ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) បានឲ្យដឹងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស ៣៨នាក់បានបាត់បង់ជីវិត ក្នុងនោះរួមទាំងសមាជិកកងកម្លាំងសន្តិសុខចំនួន ៤នាក់ផងដែរ។ សា្ថប័ននេះក៏បានរាយការណ៍ផងដែរពីអ្នករងរបួសរាប់សិបនាក់ និងការចាប់ខ្លួន ២.២១៧នាក់៕
