នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកសង្ឃឹមថា នឹង «កាត់បន្ថយ» ការពឹងផ្អែករបស់អ៊ីស្រាអែល លើជំនួយយោធារបស់អាមេរិក នៅក្នុងទសវត្សរ៍ក្រោយ។
លោក Netanyahu បាននិយាយថា អ៊ីស្រាអែលមិនគួរពឹងផ្អែកលើជំនួយយោធាបរទេសទេ។ លោក Netanyahu បានប្រាប់ទស្សនាវដ្តី Economist ថា៖ «ខ្ញុំចង់កាត់បន្ថយជំនួយយោធា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ»។ នៅពេលត្រូវបានសួរថា តើនោះមានន័យថា កាត់បន្ថយឲ្យ «ដល់កម្រិតសូន្យ» មែន ឬទេ លោកបានឆ្លើយថា «ពិតមែនហើយ»។

លោក Netanyahu បានបន្ថែមថា លោកបានប្រាប់លោកប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលមានទស្សនកិច្ចថ្មីៗនេះថា អ៊ីស្រាអែល «កោតសរសើរយ៉ាងខ្លាំង» ចំពោះ «ជំនួយយោធាដែលអាមេរិកបានផ្តល់ឲ្យយើង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែជាមួយគ្នានេះផងដែរ យើងបានឈានដល់ភាពរឹងមាំហើយ ហើយយើងបានអភិវឌ្ឍសមត្ថភាពយ៉ាងអស្ចារ្យ»។
កាលពីខែធ្នូឆ្នាំមុន លោក Netanyahu បានប្រាប់ឲ្យដឹងថា អ៊ីស្រាអែលនឹងចំណាយប្រាក់ ១១០ពាន់លានដុល្លារ លើការអភិវឌ្ឍឧស្សាហកម្មអាវុធឯករាជ្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដទៃ។
កាលពីឆ្នាំ ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់រយៈពេល ១០ឆ្នាំ រហូតដល់ខែកញ្ញា ឆ្នាំ២០២៨ ដែលផ្តល់ជំនួយយោធាចំនួន ៣៨ពាន់លានដុល្លារ ជាជំនួយឥតសំណង ៣៣ពាន់លានដុល្លារ ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ និង ៥ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីល៕
