នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងពិចារណាប្រកាសពីការបោះឆ្នោតសកល នៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីទាញយកផលចំណេញ ដោយសារមានការគាំទ្រខ្លាំងពីសាធារណជន ចំពោះរដ្ឋាភិបាលរបស់លោកស្រី។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃសៅរ៍ (ទី១០ ខែមករា ឆ្នាំ២០២៦)។
លោកស្រី Takaichi ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន កាលពីខែតុលាឆ្នាំមុន ហើយគណៈរដ្ឋមន្ត្រីរបស់លោកស្រី កំពុងទទួលបានកម្រិតគាំទ្រប្រហែល ៧០ភាគរយ។ ប៉ុន្តែប្លុកកាន់អំណាចរបស់លោកស្រី មានសំឡេងភាគច្រើនស្ដួចស្ដើងប៉ុណ្ណោះ នៅក្នុងសភាជាន់ទាបដ៏មានឥទ្ធិពល ដែលរារាំងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការជំរុញរបៀបវារៈគោលនយោបាយធំៗរបស់លោកស្រី។

ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Yomiuri និង Mainichi បានរាយការណ៍ថា លោកស្រីកំពុងពិចារណារំលាយសភាជាន់ទាប នៅពេលចាប់ផ្តើមសម័យប្រជុំសភា នាថ្ងៃទី២៣ ខែមករា។ បើយោងតាមសារព័ត៌មាន Yomiuri បានឲ្យដឹងថា នោះមានន័យថា ការបោះឆ្នោតនឹង «ទំនងជានឹងត្រូវបានធ្វើឡើងនៅចន្លោះដើមខែ ឬពាក់កណ្តាលខែកុម្ភៈ។
ដោយមិនបានដកស្រង់សម្ដីពីប្រភពណាមួយ សារព័ត៌មាន Mainichi បានរាយការណ៍ថា មនុស្សមួយចំនួន នៅក្នុងរដ្ឋបាលរបស់លោកស្រី Takaichi ប្រកាន់នូវ «ទស្សនៈ ដែលថា ខ្លួនគួរតែចាត់វិធានការរំលាយសភាមុនកំណត់ ខណៈពេលដែលប្រជាប្រិយភាពនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដើម្បីពង្រឹងគ្រឹះរបស់ខ្លួន»។
គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី និងដៃគូចម្រុះ គឺគណបក្សនវានុវត្តន៍ជប៉ុន ទទួលបានសំឡេងភាគច្រើន នៅក្នុងសភាជាន់ទាបឡើងវិញ កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីសមាជិកសភា ៣រូបបានចូលរួមជាមួយគណបក្ស LDP។ តែយ៉ាងណាក្ដី ប្លុកកាន់អំណាចនេះ នៅតែមានសំឡេងភាគតិចនៅក្នុងសភាជាន់ខ្ពស់ដដែល៕
