ក្រុមសេរីភាពស៊ីវិល និងក្រុមសិទ្ធិជនអន្តោប្រវេសន៍ បានអំពាវនាវឲ្យមានការជួបជុំទូទាំងប្រទេស នៅថ្ងៃសៅរ៍ (ទី១០ ខែមករា ឆ្នាំ២០២៦) នេះ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់សកម្មជនម្នាក់ នៅរដ្ឋ Minnesota ដោយភ្នាក់ងារអន្តោប្រវេសន៍អាមេរិក ខណៈដែលអាជ្ញាធររដ្ឋ បានបើកការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់ពួកគេ អំពីការសម្លាប់នេះ។

អ្នករៀបចំការតវ៉ា បានឲ្យដឹងថា ព្រឹត្តិការណ៍ចុងសប្តាហ៍ជាង ១.០០០កន្លែង ត្រូវបានគ្រោងទុកធ្វើឡើងទូទាំងប្រទេស ដោយទាមទារឲ្យបញ្ចប់ការដាក់ពង្រាយទ្រង់ទ្រាយធំនូវភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក ដែលបញ្ជាដោយប្រធានាធិបតី លោក Donald Trump ដោយភាគច្រើនទៅកាន់ទីក្រុងដែលដឹកនាំដោយអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ទីក្រុង Minneapolis បានក្លាយជាចំណុចក្ដៅនៃប្រតិបត្តិការនិរទេសដោយយោធារបស់ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ នៅពេលដែលមន្ត្រី ICE បានបាញ់សម្លាប់ស្ដ្រីជាម្តាយនៃកូន ៣នាក់ អាយុ ៣៧ឆ្នាំឈ្មោះ Renee Good ដែលកំពុងបើកបររថយន្តរបស់លោកស្រីនៅលើផ្លូវលំនៅឋានមួយ។
អំពើហិង្សានេះបានកើតឡើងភ្លាមៗបន្ទាប់ពីមន្ត្រីសហព័ន្ធប្រហែល ២.០០០នាក់ ត្រូវបានបញ្ជូនទៅទីក្រុង Minneapolis ជាអ្វីដែលទីភ្នាក់ងារមេរបស់ ICE គឺក្រសួងសន្តិសុខមាតុភូមិ (DHS) បានចាត់ទុកថា ជា «ប្រតិបត្តិការ DHS ដ៏ធំបំផុតមិនធ្លាប់មាន»។ អភិបាលរដ្ឋ Minnesota លោក Tim Walz ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសការដាក់ពង្រាយនេះថា ជាឧទាហរណ៍ «មិនប្រុងប្រយ័ត្ន»៕
