ចំនួនអ្នកស្លាប់ដោយសារការតវ៉ា នៅប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់យ៉ាងហោចណាស់ ៦៥នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA)។
របាយការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា បាតុកម្មមានរយៈពេល ១៣ថ្ងៃជាប់គ្នា។
ជាមួយគ្នានេះ ស្ថាប័ននេះបានបញ្ជាក់ថា ការតវ៉ាបានកើតឡើងនៅក្នុងទីតាំង ៥១២កន្លែង ក្នុងទីក្រុងចំនួន ១៨០ ក្នុងខេត្តទាំង ៣១ ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ដោយបាតុករចំនួន ៥០នាក់ មន្ត្រីអនុវត្តច្បាប់ និងសន្តិសុខ ១៤នាក់ និងជនស៊ីវិលម្នាក់ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល។

របាយការណ៍បានឲ្យដឹងទៀតថា បាតុកម្មក៏បាននាំឲ្យមនុស្សរាប់សិបនាក់រងរបួស ហើយ ២.៣១១នាក់ ត្រូវបានចាប់ឃុំខ្លួនផងដែរ។ អាជ្ញាធរមិនទាន់បានចេញសេចក្តីថ្លែងការណ៍ អំពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ។
អ៊ីរ៉ង់បានកើតមានរលកនៃការតវ៉ា ចាប់តាំងពីចុងខែធ្នូឆ្នាំមុន ដែលភាគច្រើនដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃរូបិយប័ណ្ណជាតិ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ។ បាតុកម្មបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅជិតផ្សារ Grand Bazaar ក្នុងទីក្រុងតេអេរ៉ង់ ហើយក្រោយមកបានពង្រីកដល់ទីក្រុងជាច្រើន។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់កំពុង «ជួបបញ្ហាធំ» ខណៈដែលការតវ៉ា បានរីករាលដាល ដោយនិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវសភាពការណ៍វិវត្តន៍ និងបានព្រមានអាជ្ញាធរកុំឲ្យប្រើប្រាស់កម្លាំងបង្កគ្រោះថ្នាក់ដល់ជីវិត។
អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកញុះញង់ឲ្យមានចលាចលតវ៉ានេះ ដោយមន្ត្រី បានព្រមានថា កងកម្លាំងសន្តិសុខ និងប្រព័ន្ធតុលាការ «នឹងមិនអត់ឱនជាដាច់ខាត ចំពោះអ្នកបំផ្លិចបំផ្លាញ»៕
