ឧត្តរមានជ័យ៖ ភ្លៀងធ្លាក់កក់ខែលាយឡំ ដោយខ្យល់កន្រ្ទាក់មួយមេធំ រងការខូចខាតនិងរងផលប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋអស់ជាង ៤៤ខ្នង ក្នុងភូមិចំនួន១០ នៅសង្កាត់សំរោង ខេត្តក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី៧ខែមិនា ឆ្នាំ២០២២នេះ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនឹងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងករណីភ្លៀងធ្លាក់កក់ខែលាយលំដោយខ្យល់កន្រ្ទាក់នោះវាមិនបណ្តាលឲ្យមានផលប៉ះពាល់ណាមួយធ្ងន់ធ្ងរដល់អាយុជីវិត ឬក៏សត្វពាហនៈរបស់ប្រជាពលរដ្ឋនោះឡើយគ្រាន់តែរងការខូចខាតប៉ើងដំបូលផ្ទះមួយផ្នែកតូចតែប៉ុណ្តោះ។
លោក បន្តថា បញ្ហាទាំងនេះដែរ ក្រុមការងារនៅតាមបណ្តាមូលដ្ឋានបានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរក្នុងការជួយជុសជុលផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋឡើងវិញទៅតាមអ្វីដែរអាចធ្វើបាន។
យ៉ាងណាម៉ិញ លោក បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុមានការបម្រែបម្រួលមិនទៀងទាត់នេះដែរ បងប្អូនប្រជាពលរដ្ឋត្រូវតែមានវិធានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះផ្ទះសំបែងរបស់បងប្អូននៅតំបន់ជាប់ជើងភ្នំ នឹងតំបន់ខ្ពស់រាបជៀសវាងបញ្ហាប្រឈមផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដោយសារគ្រោះធម្មជាតិយ៉ាងដូច្នេះ៕
អត្ថបទ៖ ឃិន សារិទ្ធ៨







