អាជ្ញាធរអ៊ីរ៉ង់ បានបង្ហាញថា ពួកគេអាចនឹងបង្កើនការបង្រ្កាបលើបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានដាក់ការស្តីបន្ទោសភាពរំជើបរំជួលកំពុងកើតឡើងនេះ លើក្រុមភេរវករ ហើយពួកគេសច្ចាថា នឹងការពារសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។
បាតុកម្មនេះ បានចាប់ផ្តើមនៅរដ្ឋធានីតេអេរ៉ង់កាលពីរយៈពេល ២សប្តាហ៍មុន ជុំវិញទុក្ខលំបាក សេដ្ឋកិច្ច ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ជាង ១០០ទីក្រុងតូច-ធំ ទូទាំងខេត្តរបស់ប្រទេសអ៊ីរ៉ង់ ។
បាតុកររាប់រយនាក់ ត្រូវបានគេជឿថា ត្រូវបានសម្លាប់ ឬរងរបួស ហើយមនុស្សជាច្រើននាក់ទៀត ត្រូវបានចាប់ខ្លួន ។

ចំណែកឯប្រព័ន្ធអ៊ីនធឺណិត បានដាច់កាលពីថ្ងៃសុក្រ ជាការប៉ុនប៉ងបន្ថែមទៀត ក្នុងការបង្រ្កាបសកម្មភាពតវ៉ា ។
មាននូវសេចក្តីរាយការណ៍ថ្មីពីអំពើឃោឃៅនៅទូទាំងប្រទេសកាលពីយប់កន្លងទៅ ក្នុងនោះរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅលើបណ្តាញព័ត៌មានសង្គមឃើញព្រះវិហារមួយកន្លែងរងការឆាបឆេះនៅទីក្រុងតេអេរ៉ង់ ។
អំពើហិង្សាកើតឡើង នៅថ្ងៃដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចេញការព្រមានបន្ថែមទៀតថា សហរដ្ឋអាមេរិក អាចនឹងធ្វើអន្តរាគមន៍ ។
នៅថ្ងៃតែមួយនោះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយថា ក្រុមបាតុករនាំគ្នាតវ៉ាតាងនាមឲ្យលោក Trump ដោយរូបលោកចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នកបញ្ឆេះបាតុកម្ម ។
ដំបូងឡើយបាតុកម្មនេះ បានចាប់ផ្តើមឡើងជាការឆ្លើយតបចំពោះអតិផរណាកើនឡើងខ្ពស់ ប៉ុន្តែក្រោយមកវាបានប្រែក្លាយទៅជាការប្រឆាំងនឹងការគ្រប់គ្រងរបស់បព្វជិតសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ៕
