ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃសៅរ៍ ដោយលើកឡើងពីភាពរំជើបរំជួលនៅក្នុងប្រទេសអ៊ីរ៉ង់ និងការវិវត្តន៍នយោបាយចុងក្រោយនៅក្នុងប្រទេសវេណេស៊ុយអេឡា ។
នៅក្នុងសារមួយបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Truth Social លោក Trump និយាយថា លោកស្រលាញ់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយសហរដ្ឋអាមេរិកកំពុងធ្វើឲ្យវេណេស៊ុយអេឡាមានបាន និងមានសុវត្ថិភាពម្តងទៀត ។

នៅក្នុងសារដាច់ដោយឡែកមួយទៀត លោកសរសេរថា អ៊ីរ៉ង់កំពុងសំឡឹងមើលសេរីភាព ដូចជាប្រហែលពុំធ្លាប់មានពីមុនមក ហើយលោកបន្តថា សហរដ្ឋអាមេរិក ត្រៀមខ្លួនដើម្បីជួយពួកគេ ដោយរូបលោកបង្ហាញការគាំទ្រដល់ក្រុមបាតុករ ស្របពេលភាពរំជើបរំជួលប្រឆាំងរដ្ឋាភិបាលកើនឡើង នៅក្នុងប្រទេសមួយនេះ ។
អាជ្ញាធរអ៊ីរ៉ង់ បាននិយាយថា ពួកគេអាចនឹងបង្កើនការបង្រ្កាបលើបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ខណៈពេលនោះដែរ នៅប្រទេសវេណេស៊ុយអេឡា ក្រុមសិទ្ធិមនុស្ស និយាយថា ចំនួនអ្នកទោសត្រូវបានដោះលែង បានកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជាផ្នែកមួយនៃកាយវិការសន្តិភាព បន្ទាប់ពីសម្ពាធយោធាសហរដ្ឋអាមេរិក និងការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ។
លោក Trump និយាយថា លោកបានលុបចោលរលកទី ២នៃការវាយប្រហារលើប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បន្ទាប់ពីកិច្ចសហប្រតិបត្តិការលើការដោះលែងអ្នកទោសនយោបាយ ៕
