ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញយន្តហោះចម្បាំងត្រៀមខ្លួនហោះហើរ មុនពេលបើកការវាយប្រហារលើគោលដៅជាច្រើនកន្លែងរបស់ក្រុមរដ្ឋអ៊ិស្លាមនៅទូទាំងប្រទេសស៊ីរី ។
ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមច្រកអាកាស និងប្រតិបត្តិការជើងគោក នៅក្នុងប្រទេសស៊ីរី ដោយមានគោលដៅលើជនសង្ស័យរដ្ឋអ៊ិស្លាម ដោយមានការចូលរួមពីកងកម្លាំងសន្តិសុខស៊ីរីផងដែរ ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនៅថ្ងៃសៅរ៍ មានគោលដៅលើក្រុម ISIS នៅទូទាំងប្រទេសស៊ីរី ។
សេចក្តីថ្លែងការណ៍នេះ ពុំបានរ៉ាយរ៉ាប់ថាតើមាននរណាម្នាក់ស្លាប់នៅក្នុងការវាយប្រហារនោះឡើយ ហើយមន្ទីរបច្ចកោណ ក៏បដិសេធន៍ពុំធ្វើសេចក្តីអត្ថាធិប្បាយលើព័ត៌មានលម្អិតបន្ថែមទៀតនោះដែរ ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺជាផ្នែកមួយនៃប្រតិបត្តិការដែលបានចាប់ផ្តើមកាលពីខែមុន ក្រោយក្រុមជីវពលរដ្ឋអ៊ិស្លាម សម្លាប់ទាហានសហរដ្ឋអាមេរិកនៅប្រទេសស៊ីរី ។
យោធាសហរដ្ឋអាមេរិក និយាយថា ទាហានអាមេរិក ២នាក់ និងអ្នកបកប្រែស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទេវហេតុកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ ៕
