ប្រជាកសិករអៀរឡង់រាប់ពាន់នាក់ដែលភាគច្រើននៃពួកគេធ្វើដំណើរតាមត្រាក់ទ័រនៅទូទាំងប្រទេសនោះ នាំគ្នាតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសហភាពអឺរ៉ុប-អាមេរិកខាងត្បូង(EU-Mercosur) ក្រោយភាគច្រើននៃរដ្ឋ EU បន្តបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតពុំធ្លាប់មានរបស់ខ្លួនមួយនេះ ។
បាតុកម្មនេះ បានកើតមានឡើង បន្ទាប់ពីមានបាតុកម្មស្រដៀងគ្នានៅប្រទេសប៉ូឡូញ បារាំង និងបែលហ្ស៊ិក កាលពីថ្ងៃសុក្រ ។
កាលពីថ្ងៃសុក្រ ក្រុមប្រជាកសិករបែលហ្ស៊ិកនាំគ្នាតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀង EU-Mercosur ដោយពួកគេនាំគ្នាបិទផ្លូវហាយវ៉េសំខាន់ៗ នៅជិតបន្ទាយ Loncin ដោយប្រើត្រាក់ទ័រ និងរថយន្តធំ ។
បាតុកម្មនេះ នាំឲ្យមានការដុតភ្នក់ភ្លើង និងដាក់បារ៉ែលនៅតាមផ្លូវ ធ្វើឲ្យអាក់ខានខ្លាំងដល់ការធ្វើចរាចណ៍ ។

ក្រុមបាតុករនាំគ្នាចាក់កង់រថយន្តចាស់ៗនៅលើផ្លូវ ហើយប្រើប្រាស់បារ៉ែលកំពុងភ្លើងឆេះ ដែលជាផ្នែកមួយនៃការបិទផ្លូវរបស់ពួកគេ ។
ក្រុមប្រជាកសិករ បានបង្ហាញក្តីបារម្ភរបស់ពួកគេថា កិច្ចព្រមព្រៀង EU-Mercosur នឹងធ្វើឲ្យអន្តរាយដល់កសិកម្មក្នុងស្រុក តាមរយៈការបង្កើនការប្រកួតប្រជែងពីការនាំចូលពីអាមេរិកខាងត្បូង គំរាមកំហែងដល់លទ្ធភាពជោគជ័យនៃកសិដ្ឋានបែលហ្ស៊ិក ។
កាលពីថ្ងៃសុក្រនោះដែរ ក្រុមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានផ្តល់ការអនុម័តបណ្ដោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-Mercosur ជាការបើកផ្លូវសម្រាប់ការចុះហត្ថលេខារបស់ពួកគេ ក្រោយកិច្ចចរចាអស់រយៈពេល ២៥ឆ្នាំ បើទោះបីជាមានការជំទាស់កំពុងកើតឡើងនៅទូទាំងប្លុកមួយនេះក៏ដោយ ៕
