មនុស្សរាប់ម៉ឺននាក់ នៅក្នុងរដ្ឋ Queensland ភាគឦសាននៃប្រទេសអូស្ត្រាលី ពុំមានថាមពលអគ្គិសនីប្រើប្រាស់នោះទេនៅថ្ងៃអាទិត្យ (១១ មករា) នេះ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិកមួយ បានបោកបក់ឆ្លងកាត់ឆ្នេរសមុទ្រ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ដ៏បំផ្លិចបំផ្លាញ។
ទីភ្នាក់ងារព្យាករអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា ព្យុះស៊ីក្លូនប្រភេទទីមួយ ឈ្មោះ Koji បានបោកបក់ដល់ដីគោករវាងទីប្រជុំជន Ayr និង Bowen ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Brisbane ដែលជារដ្ឋធានីរបស់រដ្ឋ Queensland មុនពេលចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិកកម្រិតទាប។

ទីភ្នាក់ងារអាកាសធាតុនិយាយថា ព្យុះនេះ ដែលមានល្បឿនខ្យល់កន្រ្តាក់រហូតដល់ទៅ ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីប្រជុំជនតាមតំបន់ឆ្នេរ រួមទាំងទីក្រុង Mackay ដែលជាមជ្ឈមណ្ឌលទេសចរណ៍ និងជាច្រកទ្វារទៅកាន់តំបន់ថ្មប៉ប្រះទឹក Great Barrier Reef ផងដែរ។ នៅមុននោះ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានលើកពីទឹកជំនន់យ៉ាងគំហុក ថាជា «ហានិភ័យដ៏ធំមួយ» នៅទូទាំងតំបន់ឆ្នេរ Queensland។
លោក David Crisafulli នាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Queensland បាននិយាយថា អចលនទ្រព្យប្រមាណ ១៥.០០០កន្លែង បានដាច់ចរន្តអគ្គិសនី ដោយសារតែព្យុះ Koji ដែលក៏បានបំផ្លាញទ្រព្យសម្បត្តិ និងទូក ព្រមទាំងប៉ះពាល់ដល់បណ្ដាញផ្លូវធ្វើដំណើរផងដែរ។ អ្នកព្យាករអាកាសធាតុព្រមានថា អាកាសធាតុធ្ងន់ធ្ងរទំនងជានឹងបន្តពេញមួយថ្ងៃអាទិត្យ ហើយនឹងអាចថមថយបន្តិចនៅថ្ងៃចន្ទស្អែកនេះ៕


