លោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់ បានប្រាប់សភាថា ប្រទេសអ៊ីរ៉ង់ បានចេញការព្រមានទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump នាថ្ងៃអាទិត្យ (១១ មករា) នេះថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក នឹងនាំឱ្យទីក្រុងតេអេរ៉ង់ វាយប្រហារតបទៅវិញ ប្រឆាំងនឹងអ៊ីស្រាអែល ហើយមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ក៏នឹងក្លាយជា «គោលដៅស្របច្បាប់» ផងដែរ។
ការព្រមាននេះបានកើតឡើងស្របពេលដែលប្រភពព័ត៌មានមួយចំនួនបាននិយាយថា អ៊ីស្រាអែល កំពុងត្រៀមលក្ខណៈនិងប្រុងជើងការខ្ពស់បំផុតចំពោះលទ្ធភាពនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចលនាតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់។

គួរឱ្យដឹងថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ និងបានព្រមានថ្នាក់ដឹកនាំអ៊ីរ៉ង់ កុំឱ្យប្រើកម្លាំងប្រឆាំងនឹងក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ (១០ មករា) លោក Trump បាននិយាយថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនជួយ» ក្រុមបាតុករ។
ការតវ៉ាបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ជាការឆ្លើយតបទៅនឹងអតិផរណាដ៏ខ្ពស់ ហើយបាតុកម្មបានប្រែក្លាយទៅជាបញ្ហានយោបាយយ៉ាងឆាប់រហ័ស ដោយក្រុមបាតុករទាមទារឱ្យបញ្ចប់របបគ្រប់គ្រងរបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ។ អាជ្ញាធរអ៊ីរ៉ង់ បានចោទសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាបានញុះញង់បញ្ឆេះឱ្យមានចលាចលដ៏កម្រោលបែបនេះ៕

