នគរបាលបាននិយាយនៅថ្ងៃអាទិត្យ (១១ មករា) នេះថា សាកសពមនុស្សត្រូវបានគេរកឃើញនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ជាទីដែលចំហេះព្រៃដ៏សន្ធោរសន្ធៅបានឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយបំផ្លាញអគារ កាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋានរាប់ពាន់ខ្នង និងដុតបំផ្លាញព្រៃឈើជាច្រើនកន្លែង។
ចំហេះព្រៃ ដែលឆេះហួសពីការគ្រប់គ្រងក្នុងអំឡុងពេលរលកកម្ដៅនារដូវក្តៅដ៏អាក្រក់ បានលេបត្របាក់ផ្ទៃដីជាង ៣៥ម៉ឺនហិកតា រួចមកហើយនៃតំបន់ព្រៃនៅរដ្ឋ Victoria របស់អូស្រ្តាលី ចាប់តាំងពីពាក់កណ្តាលសប្តាហ៍នេះមក ដោយបំផ្លាញរចនាសម្ព័ន្ធជាង ៣០០កន្លែង រួមទាំងផ្ទះសម្បែង និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ពុំមានអគ្គិសនីប្រើប្រាស់។

អាជ្ញាធរបាននិយាយថា ចំហេះព្រៃទាំងនេះ គឺជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ដែលបានវាយប្រហារភាគអាគ្នេយ៍ ចាប់តាំងពីចំហេះរដូវក្តៅពណ៌ខ្មៅ ឆ្នាំ២០១៩-២០២០ មក ដែលចំហេះនៅពេលនោះ បានបំផ្លាញតំបន់មួយមានទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់។
នគរបាលរដ្ឋ Victoria បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពមនុស្សត្រូវបានរកឃើញនៅក្បែរយានយន្តមួយគ្រឿង ជិតទីប្រជុំជន Longwood ចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Melbourne ដែលជារដ្ឋធានីរបស់រដ្ឋ ដោយបន្ថែមថា ជនរងគ្រោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ៕

