អ៊ុយក្រែន៖ ប្រជាពលរដ្ឋអ៊ុយក្រែនក្នុងរដ្ឋធានីគីវរបស់ប្រទេសនេះ បានបង្កើតផ្ទះបាយចល័តមួយក្នុងរដ្ឋធានីនេះ ដើម្បីផ្ដល់អាហារក្ដៅដល់កងទ័ព មន្ទីរពេទ្យ និងជនស៊ីវិល។ ក្លិនឈ្ងុយនៃអាហារបានសាយភាយរសាត់ហួសពីប៉ុស្តិ៍ត្រួតពិនិត្យនៅជិតផ្លូវ ខណៈដែលបុរស និងស្ត្រីកូរស៊ុប និងបបរនៅក្នុងផ្ទះបាយចល័តកណ្ដាលវាល។

ផ្ទះបាយតម្លើងពីតង់កៅស៊ូនេះត្រូវបានពង្រីកកាន់តែធំ ដោយក្រុមអ្នកស្ម័គ្រចិត្តរាប់សិបនាក់ដែលចង់ជួយ និងធ្វើខ្លួនឲ្យមានប្រយោជន៍ជាជាងអង្គុយអានព័ត៌មានទាំងការភ័យខ្លាច។ ខណៈដែលកងទ័ពកំពុងការពារប្រទេសនៅសមរភូមិ អ្នកទាំងឡាយដែលវិលត្រឡប់មកសម្រាក អាចដាក់បំពេញអាហារគ្រឿងកំប៉ុងរបស់ខ្លួននៅផ្ទះបាយចល័ត ព្រមទាំងភ្លក់អាហារក្ដៅៗដែលក្រុមអ្នកស្ម័គ្រចិត្តបានចម្អិន ចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើម។ ក្រុមអាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ពីភាពរីកចម្រើនតិចតួច លើបញ្ហានៃការបង្កើតច្រករបៀងមនុស្សធម៌ ក្រោយប្រទេសរុស្ស៊ី និងអ៊ុយក្រែនជួបចរចាជុំទី៣ នៅប្រទេសបេឡារុស៕
អត្ថបទ៖ សុខមាន