នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អាចនឹងអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់ នេះបើយោងតាមប្រធានក្រុមចម្រុះនៃគណបក្សរបស់លោកស្រី បាននិយាយនៅថ្ងៃអាទិត្យ (១១ មករា) នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា លោកស្រីកំពុងពិចារណាលើការបោះឆ្នោតមួយនៅខែកុម្ភៈ ខាងមុខ។
ប្រសិនបើត្រូវបានបញ្ជាក់ នោះនឹងក្លាយជាលើកដំបូងហើយសម្រាប់លោកស្រី Takaichi ដែលជាអ្នកអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន ក្នុងការប្រឈមមុខនឹងអ្នកបោះឆ្នោត ដោយផ្តល់ឱកាសឱ្យលោកស្រីទាញប្រយោជន៍ពីអត្រាគាំទ្រដ៏រឹងមាំរបស់សាធារណជនដែលលោកស្រីទទួលបាន ចាប់តាំងពីចូលកាន់តំណែងក្នុងខែតុលាមក។
គួរឱ្យដឹងថា ការបោះឆ្នោតសភាជាន់ទាបលើកក្រោយរបស់ជប៉ុន ត្រូវបានកំណត់ពេលធ្វើឡើងអំឡុងខែតុលា ឆ្នាំ២០២៨។ ជ័យជម្នះដ៏រឹងមាំមួយក្នុងការបោះឆ្នោតមុនកាលកំណត់ នឹងបង្កើនការក្ដោបក្តាប់អំណាចរបស់លោកស្រី Takaichi លើរដ្ឋាភិបាលចម្រុះ។

លោក Hirofumi Yoshimura មេដឹកនាំបក្សនវានុវត្តន៍ជប៉ុន ដែលត្រូវគេស្គាល់ថា Ishin បានប្រាប់ទូរទស្សន៍រដ្ឋ NHK ថា លោកបានជួបលោកស្រី Takaichi ហើយមានអារម្មណ៍ដឹងពីទស្សនៈរបស់លោកស្រីចំពោះពេលវេលាបោះឆ្នោត ថាបានផ្លាស់ប្តូរទៅ «ដំណាក់កាលថ្មី» ដោយបន្ថែមថា «លោកនឹងមិនភ្ញាក់ផ្អើលទេ បើលោកស្រី Takaichi ធ្វើការសម្រេចចិត្តដូចដែលរាយការណ៍នោះ»។
កាសែត Yomiuri បានរាយការណ៍នៅថ្ងៃសុក្រដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា លោកស្រី Takaichi កំពុងពិចារណាបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី៨ ឬទី ១៥ ខែកុម្ភៈ ខាងមុខនេះ៕
