លោក Hazem Qassem អ្នកនាំពាក្យរបស់ចលនាតស៊ូអ៊ិស្លាមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (១០ មករា) ថា ពួកគេបានឈានដល់ការសម្រេចចិត្តរំលាយអង្គភាពរដ្ឋាភិបាលរបស់ខ្លួន ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងនៅតំបន់ហ្កាហ្សាស្រ្ទីប។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Qassem បានបញ្ជាក់ថា ក្រុមហាម៉ាស បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់ការទទួលខុសត្រូវផ្នែករដ្ឋបាលទាំងអស់ ទៅឱ្យ «គណៈកម្មាធិការបច្ចេកទេស» ហើយប្តេជ្ញាសម្រួលដល់នីតិវិធីចាំបាច់ទាំងអស់ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

លោក Basem Naim សមាជិកការិយាល័យនយោបាយហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមដោយវិជ្ជមាន និងលក្ខណៈស្ថាបនា ជាមួយនឹងដំណាក់កាលទីពីរនៃផែនការបញ្ចប់សង្គ្រាមនៅក្នុងតំបន់នោះ។
សហរដ្ឋអាមេរិក បានបើកបង្ហាញផែនការ ២០ចំណុចរបស់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងបំណងបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅហ្កាហ្សា។ សំណើនេះរួមមាន បទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែលចេញពីតំបន់នោះ ការបង្កើតរដ្ឋបាលបច្ចេកទេស និងការដាក់ពង្រាយកម្លាំងស្ថិរភាពអន្តរជាតិ រួមជាមួយនឹងការអំពាវនាវឱ្យរំសាយអាវុធពីក្រុមហាម៉ាស៕

