ការតវ៉ាយ៉ាងខឹងសម្បារត្រូវបានធ្វើឡើងក្នុងទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ (១០ មករា) ខណៈដែលកំហឹងសាធារណជនបានឡើងកម្ដៅទូទាំងប្រទេស បន្ទាប់ពីការបាញ់សម្លាប់ស្ត្រីវ័យ ៣៧ឆ្នាំម្នាក់ ដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) នៅរដ្ឋ Minnesota កាលពីដើមសប្តាហ៍នេះ និងការបាញ់ប្រហារមួយផ្សេងទៀតដែលបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស ដោយមន្រ្តីអន្តោប្រវេសន៍ នៅទីក្រុង Portland។
នៅទីក្រុងញូវយ៉ក មនុស្សជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យ ICE ក្រោមភ្លៀងធ្លាក់កាលពីថ្ងៃសៅរ៍ ដោយសម្តែងការខឹងសម្បាររបស់ពួកគេ និងអំពាវនាវរកយុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះដែលត្រូវបានបាញ់សម្លាប់ដោយមន្ត្រីសហព័ន្ធម្នាក់។

ទន្ទឹមនឹងនេះ ក្នុងទីក្រុងនានានៃរដ្ឋ Pennsylvania និង North Carolina ក្រុមបាតុករបានចេញតាមដងផ្លូវដើម្បីរិះគន់ខ្លាំងៗលើការបាញ់ប្រហារដ៏កាចសាហាវនេះ។ នៅទីក្រុង Minneapolis ក្រុមបាតុករបានប្រឈមមុខនឹងមន្ត្រីសហព័ន្ធនៅខាងក្រៅអគារសហព័ន្ធមួយកន្លែងកាលពីថ្ងៃសៅរ៍ ដោយស្រែកថា «អាម៉ាស» ដាក់ក្រុមមន្រ្តី។ ការប៉ះទង្គិច និងការចាប់ខ្លួនជាច្រើនក៏ត្រូវបានរាយការណ៍នៅក្នុងបាតុកម្មទាំងនោះផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិក បានឱ្យដឹងថា សម្ព័ន្ធជាតិមួយនៅសហរដ្ឋអាមេរិក បានប្រកាសថា ការតវ៉ាជាង ១.០០០កន្លែង នឹងត្រូវរៀបចំឡើងនៅទូទាំងប្រទេស នៅចុងសប្តាហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហារ ដែលក្រុមបាតុករហៅថាជា «ឃាតកម្ម» ខណៈដែលក្រុមមន្ត្រីហៅថាជា «ការការពារខ្លួន»៕


