សេតវិមានបាននិយាយកាលពីថ្ងៃសៅរ៍ (១០ មករា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលមានបំណងរារាំងតុលាការ ឬម្ចាស់បំណុល មិនឱ្យរឹបអូសប្រាក់ចំណូលដែលទាក់ទងនឹងការលក់ប្រេងរបស់វ៉េណេស៊ុយអេឡា ដែលកាន់កាប់ក្នុងគណនីរតនាគាររបស់សហរដ្ឋអាមេរិក។
ក្រឹត្យបន្ទាន់នេះនិយាយថា ចំណូល ដែលរក្សាទុកក្នុងមូលនិធិប្រាក់បញ្ញើរបស់រដ្ឋាភិបាលបរទេស គួរតែត្រូវបានប្រើប្រាស់នៅវ៉េណេស៊ុយអេឡា ដើម្បីជួយបង្កើត «សន្តិភាព វិបុលភាព និងស្ថិរភាព» ដល់ប្រទេសនេះ។ ក្រឹត្យនេះត្រូវចុះហត្ថលេខានៅថ្ងៃសុក្រកន្លងទៅ តិចជាងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងអាមេរិក ចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ពីទីក្រុងការ៉ាកាស។
គួរឱ្យដឹងថា ក្រុមហ៊ុនជាច្រើនបានទាមទារប្រាក់ពីវ៉េណេស៊ុយអេឡាជាយូរមកហើយ ដូចជាស្ថាប័ន Exxon Mobil និង ConocoPhillips ជាដើម ដែលបានចាកចេញពីវ៉េណេស៊ុយអេឡា ជិត ២០ឆ្នាំមុន បន្ទាប់ពីទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានយកទៅធ្វើជាតូបនីយកម្ម (តូបនីយកម្ម មានន័យថា ការធ្វើ ឬការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជនឬរបស់ជាតិដទៃ ឱ្យទៅជារបស់ជាតិ ឬរបស់រដ្ឋវិញ)។ វ៉េណេស៊ុយអេឡា នៅតែជំពាក់ប្រាក់ក្រុមហ៊ុនទាំងពីរនេះដល់ទៅរាប់ពាន់លានដុល្លារ។

ក្រុមហ៊ុន ConocoPhillips គឺជាអ្នកកាន់ឥណទានមិនមែនរដ្ឋធំជាងគេនៅប្រទេសនេះ ហើយលោក Ryan Lance នាយកប្រតិបត្តិក្រុមហ៊ុននេះ បាននិយាយថា វ៉េណេស៊ុយអេឡាជំពាក់បំណុលក្រុមហ៊ុនរបស់លោក ១២ពាន់លានដុល្លារ។ ក្រឹត្យថ្ងៃសៅរ៍នោះ មិនបានលើកពីក្រុមហ៊ុនជាក់លាក់ណាមួយនោះ ដោយគ្រាន់តែប្រកាសថា ចំណូលប្រេងនេះគឺជាទ្រព្យអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា ដែលកាន់កាប់នៅអាមេរិក សម្រាប់គោលបំណងរដ្ឋាភិបាលនិងការទូត ហើយមិនមែនជាកម្មវត្ថុនៃការទាមទារសំណងរបស់ឯកជននោះទេ៕

