មេដឹកនាំនៃគណបក្សនយោបាយទាំង៥ នៅក្នុងសភាដែនដីហ្រ្គីនលែន (Greenland) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា សភាកោះហ្រ្គីនលែន នឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ខ្លួនចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមគ្រប់គ្រងកោះតំបន់អាកទិកមួយនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែជាក្លាយជាម្ចាស់កោះហ្គ្រីនលែន ដែលជាតំបន់ស្វយ័តមួយរបស់ព្រះរាជាណាចក្រដាណឺម៉ាក ដើម្បីទប់ស្កាត់រុស្ស៊ី ឬចិន មិនឱ្យកាន់កាប់ទឹកដីដែលមានទីតាំងយុទ្ធសាស្ត្រ និងសម្បូរដោយធនធានរ៉ែមួយនេះ នាពេលអនាគត។

ក្នុងសេចក្តីថ្លែងការណ៍រួមនៅយប់ថ្ងៃសុក្រ (៩ មករា) មេដឹកនាំនៃបក្សនយោបាយទាំង៥ ដែលត្រូវបានជ្រើសតាំងឱ្យចូលរួមក្នុងសភាហ្រ្គីនលែន បានសម្ដែងពីបំណងប្រាថ្នារបស់ពួកគេ ក្នុងការបញ្ចប់ «ការមើលងាយរបស់សហរដ្ឋអាមេរិក« ចំពោះតំបន់នោះ ដោយសង្កត់ធ្ងន់ថា «ពួកគេមិនចង់ក្លាយជាជនជាតិអាមេរិកទេ ក៏មិនចង់ក្លាយជាជនជាតិដាណឺម៉ាកដែរ គឺចង់ក្លាយជាជនជាតិហ្គ្រីនលែនប៉ុណ្ណោះ»។
កាលបរិច្ឆេទនៃកិច្ចប្រជុំនោះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ យោងតាមគេហទំព័ររបស់ខ្លួន សភារបស់ហ្រ្គីនលែន បានជួបប្រជុំគ្នាចុងក្រោយបំផុតនៅក្នុងខែវិច្ឆិកា កន្លងទៅ ហើយត្រូវបានគ្រោងទុកថានឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃទី៣ ខែកុម្ភៈ ខាងមុខនេះ៕

