កាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃសៅរ៍ (១០ មករា) ដោយដកស្រង់សម្តីក្រុមមន្ត្រីថា យោធាអ៊ីស្រាអែល មានផែនការចាប់ផ្តើមការវាយលុកឡើងវិញក្នុងតំបន់ហ្កាហ្សា នៅខែមីនា ខាងមុខនេះ ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀត និងរុញច្រានបន្ទាត់លឿងទៅភាគខាងលិច ឆ្ពោះទៅរកឆ្នេរនៃតំបន់ហ៊ុមព័ទ្ធនោះ។
របាយការណ៍នេះបានដកស្រង់សម្តីអ្នកការទូតអារ៉ាប់ម្នាក់ដែលបាននិយាយថា ទោះបីជាបទឈប់បាញ់កាន់តែខិតជិតដល់ដំណាក់កាលទីពីរក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែរៀបចំផែនការសម្រាប់ការវាយលុក ដោយលើកឡើងពីការបរាជ័យក្នុងការរំសាយអាវុធក្រុមហាម៉ាស។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានសម្របសម្រួលបទឈប់បាញ់មួយ ដែលក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែល បានដកថយទៅបន្ទាត់លឿង ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងជាងពាក់កណ្តាលនៃតំបន់ហ្កាហ្សា ឬប្រហែល ៥៣% នៃដែនដីនេះ។
របាយការណ៍នេះបាននិយាយថា ប្រតិបត្តិការដែលត្រូវរាយការណ៍ថាបានគ្រោងទុកសម្រាប់ខែមីនានោះ គឺផ្តោតទៅលើទីក្រុងហ្កាហ្សា ហើយអាចមើលឃើញអ៊ីស្រាអែល កសាងកម្លាំងលើតំបន់មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន៕

