ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអាទិត្យថា អគារផ្ទះល្វែងជាង ១.០០០ ខ្នងក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែននៅតែគ្មានប្រព័ន្ធកម្ដៅបន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីថ្មីៗនេះ។

ប្រទេសរុស្ស៊ីបានបង្កើនការបាញ់ផ្លោងលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនចាប់តាំងពីបើកការវាយប្រហារពេញបន្ទុកលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ ក្នុងឆ្នាំ ២០២២ មក ។

កាលពីថ្ងៃសុក្រ ការវាយប្រហារដោយមីស៊ីលលើរដ្ឋធានីគីវបានធ្វើឱ្យរដ្ឋធានីស្ទើរតែទាំងមូលគ្មានអគ្គិសនី និងប្រព័ន្ធកម្ដៅ ស្របពេលមានខ្យល់ត្រជាក់ខ្លាំង ហើយរហូតដល់ថ្ងៃអាទិត្យទើបអាជ្ញាធរបានស្តារការផ្គត់ផ្គង់ទឹកឡើងវិញ ហើយស្តារអគ្គិសនី និងប្រព័ន្ធកម្ដៅឡើងវិញដោយផ្នែក។
រដូវរងាលើកទីបួននៃសង្គ្រាមអាចជារដូវរងាត្រជាក់បំផុត និងងងឹតបំផុត ដោយការខូចខាតដែលបានផ្ដោតទៅលើបណ្តាញអគ្គិសនីបានដាក់បន្ទុកបន្ថែមទៅលើឧបករណ៍បម្រើសេវាថាមពល ស្របពេលសីតុណ្ហភាពត្រជាក់បានធ្លាក់ដល់ក្រោម -១២ អង្សាសេ រួចទៅហើយ។

ក្រសួងថាមពលរបស់អ៊ុយក្រែននិយាយថាកងកម្លាំងរុស្ស៊ីបានវាយប្រហារប្រព័ន្ធថាមពលប្រទេសនេះ ម្តងទៀតនៅពេលយប់ដោយកាត់ផ្តាច់អគ្គិសនីមួយរយៈខ្លីទៅកាន់តំបន់ Dnipropetrovsk និង Zaporizhzhia ភាគអាគ្នេយ៍។
លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់ដ្រូនចំនួន ១.១០០គ្រឿង ទម្លាក់គ្រាប់បែកតាមអាកាសជាង ៨៩០ គ្រាប់ និងមីស៊ីលជាង ៥០ គ្រាប់ រួមទាំងមីស៊ីលបាលីស្ទីក មីស៊ីលតម្រង់គោលដៅ និងមីស៊ីលរយៈចម្ងាយមធ្យម ប្រឆាំងនឹងអ៊ុយក្រែនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ៕