សំណុំរឿងដ៏សំខាន់មួយ ដែលចោទប្រកាន់សហភាពមីយ៉ាន់ម៉ា ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាអ៊ិស្លាម នឹងបើកដំណើរការនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ ទី១២ ខែមករា នេះ។

បណ្ដឹងនេះនឹងក្លាយជាសំណុំរឿងប្រល័យពូជសាសន៍លើកដំបូងបំផុត ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ នឹងបើកសវនាការពេញលេញ ក្នុងរយៈពេលជាង ១ទសវត្សរ៍។ លទ្ធផលក្នុងរឿងក្ដីនេះនឹងមានផលវិបាកហួសពីមីយ៉ាន់ម៉ាទៅទៀត ដែលទំនងជាប៉ះពាល់ដល់សំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងផងដែរ នៅតុលាការ ICJ ប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ សវនាការបានកំណត់ពេលចាប់ផ្តើមនៅម៉ោងក្នុងស្រុក ១០ព្រឹក នៅថ្ងៃចន្ទនេះ ហើយនឹងមានរយៈពេល ៣សប្តាហ៍។
គួររម្លឹកថា ប្រទេសអាហ្វ្រិកខាងលិច ហ្គំប៊ី ដែលមានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើន បានដាក់សំណុំរឿងរ៉ូហ៊ីងយ៉ានេះក្នុងឆ្នាំ២០១៩ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលគេស្គាល់ថាជា តុលាការពិភពលោក (World Court) ដោយចោទប្រកាន់មីយ៉ាន់ម៉ា ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាជនជាតិភាគតិចមូស្លីម នៅក្នុងរដ្ឋដាច់ស្រយាល រ៉ាឃីន នៅភាគខាងលិចមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ា បានបដិសេធយ៉ាងមុតមាំលើការចោទប្រកាន់នោះ។ កាលពីឆ្នាំ២០១៧ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានបើកការវាយលុកមួយ ដែលបង្ខំជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងតិច ៧៣ម៉ឺននាក់ ឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងភៀសខ្លួនចូលទៅបង់ក្លាដែស ដែលជាប្រទេសជិតខាង ហើយជនភៀសខ្លួនទាំងនោះបានរៀបរាប់អំពីការកាប់សម្លាប់យ៉ាងឃោរឃៅបំផុត៕

