នាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែមករាថា ប្រទេសរបស់លោកស្រីប្រឈមមុខនឹង «ពេលវេលាដ៏ស្រួចស្រាល់បំផុត» នៅក្នុងការតតាំងផ្នែកការទូតរបស់ខ្លួនជុំវិញដែនដី Greenland បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយជាថ្មីពីការប្រើប្រាស់កម្លាំងដើម្បីយកមកគ្រប់គ្រងដែនដីកោះនៅមហាសមុទ្រអាកទិកមួយនេះ។ មុនពេលកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃចន្ទនេះ ការប្រជែងជាសកលសម្រាប់វត្ថុធាតុដើមសំខាន់ៗ នាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen បាននិយាយថា «មានជម្លោះជុំវិញដែនដី Greenland»។

លោកស្រី បាននិយាយបន្ថែមនៅក្នុងការជជែកពិភាក្សាជាមួយមេដឹកនាំនយោបាយប្រទេសដាណឺម៉ាកផ្សេងទៀតថា «នេះជាពេលវេលាដ៏ស្រួចស្រាល់» ដែលលើសពីបញ្ហាបន្ទាន់នៃអនាគតរបស់ដែនដី Greenland។

លោកស្រី Frederiksen បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «យើងត្រៀមជាស្រេចដើម្បីការពារតម្លៃរបស់យើង នៅទីកន្លែងណាក៏ដោយដែលចាំបាច់ រួមទាំងនៅក្នុងតំបន់អាកទិកផងដែរ។ យើងជឿជាក់លើច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយខ្លួនឯង»។
ប្រទេសអាល្លឺម៉ង់ និងស៊ុយអែត បានគាំទ្រប្រទេសដាណឺម៉ាកប្រឆាំងការទាមទារចុងក្រោយរបស់លោក Trump ចំពោះទឹកដីស្វ័យគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានថ្កោលទោស «ការគំរាមកំហែងដោយវោហាសាស្ត្រ» របស់សហរដ្ឋអាមេរិក បន្ទាប់ពី លោក Trump បាននិយាយជាថ្មីម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោន «នឹងធ្វើអ្វីមួយលើកោះ Greenland មិនថាពួកគេពេញចិត្តឬមិនពេញចិត្តនោះទេ»។