មន្ត្រី បាននិយាយថា រដ្ឋាភិបាលប្រទេសបូលីវី បានជួយសង្គ្រោះអ្នកទេសចរជាង៣០០នាក់ដែលជាប់គាំងដោយការបិទផ្លូវ ខណៈសហជីពបានបង្កើនការតវ៉ាទាមទារឱ្យលុបចោលក្រឹត្យមួយដែលធ្វើឲ្យបាត់បង់ការឧបត្ថម្ភធនប្រេងឥន្ធនៈ។

រដ្ឋាភិបាលនិយាយថា អាជ្ញាធរបានជម្លៀសអ្នកទេសចរបរទេសចំនួន១៣៥នាក់ចេញពីតំបន់ Salar de Uyuni ជាច្រកទ្វារទៅកាន់ស្រែអំបិលដ៏ល្បីល្បាញរបស់ប្រទេស បន្ទាប់ពីភាពវឹកវរសង្គមដែលបានកាត់ផ្តាច់ដំណើរការទៅកាន់តំបន់នេះ។ ដោយឡែក កងទ័ពជើងទឹកប្រទេសបូលីវី បានដឹកជញ្ជូនអ្នកទេសចរជាតិ និងបរទេសចំនួន២១៤នាក់ពីតំបន់ Copacabana ដែលជាគោលដៅដ៏ពេញនិយមមួយនៅបឹង Titicaca។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរផ្លូវ Highway ប្រទេសបូលីវី បានរាយការណ៍ពីការបិទផ្លូវចំនួន៦៩កន្លែងនៅទូទាំងប្រទេស ដែលបានធ្វើឲ្យរាំងស្ទះផ្លូវយុទ្ធសាស្ត្រ និងបណ្តាលឱ្យមានការខ្វះស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ជាមូលដ្ឋាន។
ភាពវឹកវរនេះផ្តោតលើក្រឹត្យ ដែលបានកាត់បន្ថយការឧបត្ថម្ភធន ខណៈរយៈពេលជាង២ទសវត្សរ៍មកនេះបានរក្សាតម្លៃប្រេងឥន្ធនៈក្នុងស្រុកឱ្យទាបជាងកម្រិតអន្តរជាតិ។ ចំណាត់ការនេះ បានធ្វើឱ្យតម្លៃប្រេងសាំងកើនឡើងទ្វេដង និងតម្លៃប្រេងម៉ាស៊ូតកើនឡើងបីដង។