ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta របស់អាមេរិក នៅថ្ងៃចន្ទ (១២ មករា) នេះ បានជំរុញឱ្យអូស្ត្រាលី ពិចារណាឡើងវិញនូវបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដែលជាការហាមប្រាមដំបូងបំផុតក្នុងពិភពលោកលើមនុស្សអាយុក្រោម ១៦ឆ្នាំ ខណៈដែលបានរាយការណ៍ថា ខ្លួនបានបិទ (ប្លុក) អ្នកប្រើប្រាស់ជាង ៥៤៤.០០០គណនី ក្រោមច្បាប់ថ្មីនេះ។

អូស្ត្រាលី បានទាមទារឱ្យវេទិកាសង្គមធំៗ រួមទាំង បណ្ដាញរបស់ Meta កម្មវិធី TikTok និង YouTube ជាដើម ឱ្យបញ្ឈប់អ្នកប្រើប្រាស់អនីតិជន មិនឱ្យកាន់កាប់គណនីបណ្ដាញសង្គមនោះទេ ចាប់តាំងពីច្បាប់នេះចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំមុនមក។ ក្រុមហ៊ុននានាប្រឈមនឹងការពិន័យជាប្រាក់ចំនួន ៤៩,៥ លានដុល្លារអូស្ត្រាលី (ប្រមាណ ៣៣ លានដុល្លារអាមេរិក) ប្រសិនបើពួកគេមិនចាត់វិធានការសមហេតុផលដើម្បីអនុវត្តតាមបម្រាមនេះ។

ក្រុមហ៊ុន Meta របស់លោកមហាសេដ្ឋី Mark Zuckerberg បាននិយាយថា ខ្លួនបានលុបគណនីអនីតិជនចំនួន ៣៣១.០០០គណនី ចេញពី Instagram និងចំនួន ១៧៣.០០០គណនី ចេញពី Facebook ព្រមទាំង ៤០.០០០គណនី ចេញពីកម្មវិធី Threads ហើយបញ្ជាក់ថា ខ្លួនប្តេជ្ញាអនុវត្តតាមច្បាប់។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Meta បានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី «ឱ្យចូលរួមជាមួយឧស្សាហកម្ម ដើម្បីស្វែងរកមធ្យោបាយកាន់តែប្រសើរឡើងឆ្ពោះទៅមុខ»។ Meta សង្កត់ធ្ងន់ថា ឪពុកម្តាយ និងអ្នកជំនាញ មានការព្រួយបារម្ភអំពីបម្រាមនេះ ដែលដាក់គម្លាតយុវជនពីសហគមន៍អនឡាញ និងជាការរុញច្រានឱ្យយុវជនមួយចំនួន ប្ដូរទៅប្រើកម្មវិធីដែលមិនសូវមានការគ្រប់គ្រង ហើយធ្លាក់ទៅជ្រុងកាន់តែងងឹតនៃប្រព័ន្ធអ៊ីនធឺណិត៕
