អ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃអាទិត្យថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់អនុវត្តការអត់ធ្មត់អតិបរមា និងអនុញ្ញាតឲ្យពលរដ្ឋទទួលបានព័ត៌មាន នៅក្នុងប្រទេសនេះ។

អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកអគ្គលេខាធិការជំរុញឲ្យអាជ្ញាធរអ៊ីរ៉ង់អនុវត្តការអត់ធ្មត់អតិបរមា និងជៀសវាងការប្រើប្រាស់កម្លាំងដែលមិនចាំបាច់ ឬមិនសមាមាត្រ»។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកជំរុញបន្ថែមទៀតឲ្យមានជំហានដែលអាចឲ្យចូលមើលព័ត៌មាននៅក្នុងប្រទេស រួមទាំងការស្តារទំនាក់ទំនងឡើងវិញ។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ចាប់តាំងពីចុងខែធ្នូមក ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀល (Rial) និងការលំបាកផ្នែកសេដ្ឋកិច្ចដ៏យូរ។ អាជ្ញាធរអ៊ីរ៉ង់បានទទួលស្គាល់ការធ្វើបាតុកម្ម និងបានបង្ហាញឆន្ទៈក្នុងការដោះស្រាយផលវិបាកផ្នែកសេដ្ឋកិច្ច ខណៈពេលដែលព្រមានប្រឆាំងនឹងអំពើហិង្សា និងការបំផ្លិចបំផ្លាញ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានជំរុញឲ្យ ប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់រក្សាសាមគ្គីភាព ដោយនិយាយថា ក្រុមបាតុករមួយចំនួនព្យាយាមផ្គាប់ចិត្តសហរដ្ឋអាមេរិក។
ការប៉ះទង្គិចគ្នាដែលបានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើន ត្រូវបានរាយការណ៍រវាងនគរបាល និងអ្វីដែលរដ្ឋាភិបាលពិពណ៌នាថា ជា «ក្រុមកុបករ» ក្នុងចំណោមការតវ៉ាដែលកំពុងបន្ត។ ពុំទាន់មានតួលេខអ្នកស្លាប់ផ្លូវការណាមួយ ត្រូវបានចេញផ្សាយនៅឡើយទេ៕