កងទ័ពអាកាសហ្ស៊កដានី បានចូលរួមវាយប្រហារគោលដៅរបស់ក្រុមភេរវករ Daesh នៅទីតាំងជាច្រើន នៅក្នុងប្រទេសស៊ីរី រួមជាមួយសហរដ្ឋអាមេរិក និងដៃគូផ្សេងទៀត។

យោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ការវាយប្រហារទ្រង់ទ្រាយធំ បានកើតឡើងនៅម៉ោងប្រហែល ១២:៣០ រសៀល ម៉ោងភាគខាងកើត នៅថ្ងៃអាទិត្យ ហើយនេះ គឺជាការសងសឹកចំពោះការវាយឆ្មក់កាលពីខែមុន ដែលបានសម្លាប់ទាហានអាមេរិក ពីរនាក់ និងអ្នកបកប្រែស៊ីវិលអាមេរិកម្នាក់ នៅក្នុងប្រទេសស៊ីរី។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា៖«សាររបស់យើង នៅតែរឹងមាំ៖ ប្រសិនបើអ្នកធ្វើបាបយុទ្ធជនរបស់យើង យើងនឹងរកអ្នកឲ្យឃើញ ហើយសម្លាប់អ្នកនៅគ្រប់ទីកន្លែងក្នុងពិភពលោក ទោះបីជាអ្នកព្យាយាមគេចវេះយុត្តិធម៌យ៉ាងណាក៏ដោយ»។
កងទ័ពបាននិយាយកាលពីថ្ងៃអាទិត្យថា ការចូលរួមរបស់ហ្ស៊កដានីបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ធានាសន្តិសុខជាតិ និងលើកកម្ពស់ស្ថិរភាពក្នុងតំបន់។
នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មក្នុងតំបន់ និងអន្តរជាតិដែលសម្របសម្រួល ដែលរួមមានប្រទេសស៊ីរី មានគោលបំណងរំខានដល់សមត្ថភាពសកម្មប្រយុទ្ធ និងការពារក្រុមភេរវករពីការបង្កើតឡើងវិញនូវមូលដ្ឋានប្រតិបត្តិការ ដើម្បីគំរាមកំហែងដល់ប្រទេសជិតខាង និងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី៕