ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃអាទិត្យបានសន្យាថា នឹងបន្តការដកហូតអាវុធរបស់ក្រុមប្រដាប់អាវុធ នៅទូទាំងប្រទេស រួមទាំងនៅតំបន់ភាគខាងជើងនៃទន្លេ Litani ដោយសង្កត់ធ្ងន់ថាដំណើរការនេះ នឹងបន្ត ទោះបីជាការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្តក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ Tele Liban លោក Aoun បាននិយាយថា កងទ័ពលីបង់សម្រេចបាននូវអ្វីដែលលោកហៅថា «ការគ្រប់គ្រងប្រតិបត្តិការ» នៅភាគខាងត្បូងនៃទន្លេ Litani ដែលអាចឲ្យប្រទេសនេះ ទប់ស្កាត់និងឆ្លើយតបទៅនឹងសកម្មភាពយោធាណាមួយនៅក្នុងតំបន់នោះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធ មិនទាន់ពេញលេញ ហើយនឹងពង្រីកហួសពីទន្លេ Litani លោកបានកត់សម្គាល់ថា ល្បឿននឹងអាស្រ័យលើសមត្ថភាពប្រតិបត្តិការរបស់កងទ័ព និងធនធានដែលមាន។

លោក Aoun បានបដិសេធការអះអាងថា ការគ្រប់គ្រងផ្តាច់មុខរបស់រដ្ឋលើអាវុធ គឺជាតម្រូវការខាងក្រៅ ដោយសង្កត់ធ្ងន់ថា វាជាតម្រូវការផ្ទៃក្នុងសុទ្ធសាធរបស់លីបង់ ដែលមានឫសគល់នៅក្នុងកិច្ចព្រមព្រៀង Taif ឆ្នាំ ១៩៨៩ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជាផ្លូវការ ហើយវាមានសារៈសំខាន់ចំពោះការកសាងរដ្ឋ។ លោកបានបន្ថែមថា តួនាទីដែលអាវុធមិនមែនរបស់រដ្ឋ ត្រូវបានបង្កើតឡើងនោះ លែងមានទៀតហើយ ដោយសារកងទ័ពលីបង់បច្ចុប្បន្ន ទទួលខុសត្រូវក្នុងការការពារប្រទេស និងពលរដ្ឋរបស់ខ្លួន។
ទាក់ទងនឹងសន្តិភាពជាមួយអ៊ីស្រាអែល លោក Aoun បានបង្ហាញពីការបើកចំហ ប៉ុន្តែទទូចថា ដំណើរការនេះ ត្រូវតែផ្អែកលើយុត្តិធម៌ និងក្របខ័ណ្ឌដែលមានស្រាប់។ លោកបានចង្អុលបង្ហាញពីកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ១៩៤៩ ជាមួយអ៊ីស្រាអែល សេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងយន្តការដែលអាចនាំឲ្យអ៊ីស្រាអែលដកថយ ការបញ្ឈប់ការវាយប្រហារ ការដោះស្រាយជម្លោះព្រំដែន និងការដោះលែងអ្នកជាប់ឃុំឃាំង៕
លោកបានកត់សម្គាល់បន្ថែមទៀតថា៖«ខ្ញុំជឿថា យើងនឹងយកឈ្នះលើដំណាក់កាលដ៏លំបាកនេះនៅដើមឆ្នាំ ហើយលោកប្រធានាធិបតី ត្រាំ នឹងសន្និដ្ឋានម្តងទៀតថា ការដាក់សម្ពាធលើប្រទេសរុស្ស៊ី មិនផ្តល់លទ្ធផល ដែលចង់បាននោះទេ»៕