យន្តហោះរបស់កងទ័ពអាកាសអាមេរិក បានវាយប្រហារទីតាំងចំនួន ៣៥ កន្លែងរបស់ក្រុមភេរវកររដ្ឋ អ៊ីស្លាម (IS) នៅលើទឹកដីនៃប្រទេសស៊ីរី។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Al Arabiya។
យោងតាមទូរទស្សន៍នេះ បានឲ្យដឹងថា យន្តហោះចម្បាំងជាង ២០ គ្រឿង បានវាយប្រហារទីតាំងភេរវករនៅក្នុងប្រទេសស៊ីរី ដោយបាញ់មីស៊ីលដែលមានភាពជាក់លាក់កម្រិតខ្ពស់ប្រហែល ៩០ គ្រាប់ ទៅលើគោលដៅរបស់ក្រុម IS។

ពិធីករទូរទស្សន៍បានកត់សម្គាល់ថា បន្ថែមពីលើយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក កងទ័ពអាកាស ហ្ស៊កដានី ក៏បានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹង IS ដោយប្រើយន្តហោះចម្បាំង F-16 ផងដែរ។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់មុននេះនៅលើគណនីបណ្តាញសង្គម X របស់ខ្លួនថា៖«កងកម្លាំងរបស់ខ្លួន រួមជាមួយកងកម្លាំងដៃគូ បានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅ ISIS ជាច្រើនកន្លែង នៅទូទាំងប្រទេសស៊ីរី»។
យោងតាមសេចក្តីថ្លែងការណ៍របស់ CENTCOM បានឲ្យដឹងថា «ការវាយប្រហារទាំងនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការ Hawkeye Strike ដែលត្រូវបានចាប់ផ្តើម និងប្រកាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ តាមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារដ៏សាហាវរបស់ ក្រុម ISIS ទៅលើកងកម្លាំងអាមេរិក និងស៊ីរីនៅទីក្រុង Palmyra ប្រទេសស៊ីរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥»៕
