ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យ (ទី១១ ខែមករា ឆ្នាំ២០២៦) បាននិយាយ ថា រដ្ឋបាលរបស់លោកកំពុងធ្វើការបានល្អជាមួយមេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez ហើយថា លោកនឹងបើកចំហសម្រាប់ការមានកិច្ចប្រជុំជាមួយលោកស្រី។
ការកត់សម្គាល់ដ៏វិជ្ជមានរបស់លោក Trump នេះ បានកើតឡើងត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានចាប់ខ្លួន អំឡុងការវាយឆ្មក់របស់កងកម្លាំងពិសេសអាមេរិក ហើយត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីឲ្យប្រឈមជាមួយនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា ឥឡូវនេះ សហរដ្ឋអាមេរិកមានការគ្រប់គ្រងជាក់ស្តែង លើវ៉េណេស៊ុយអេឡា ខណៈដែលខ្លួនបានអនុវត្តការបិទខ្ទប់ផ្លូវទឹករាំងរាំងការនាំចេញប្រេងដ៏សំខាន់របស់ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។

ទោះបីជាលោកស្រី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Maduro ក៏ដោយ ក៏លោកស្រី Rodriguez បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដោយបាននិយាយថា លោកស្រីបើកចំហ សម្រាប់ការសហការ ជុំវិញការទាមទាររបស់លោក Trump ក្នុងការទទួលបានសិទ្ធិចូលទៅកាន់វិស័យប្រេងរបស់វ៉េណេស៊ុយអេឡា។
រដ្ឋាភិបាលរបស់លោកស្រីក៏បានសន្យាផងដែរថា នឹងដោះលែងអ្នកទោសនយោបាយ និងចាប់ផ្តើមការចរចា ស្តីពីការបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន។ បេសកជនអាមេរិក បានធ្វើទស្សនកិច្ចទីក្រុងការ៉ាកាស កាលពីថ្ងៃទី៩ ខែមករា ដើម្បីពិភាក្សាអំពីការបើកស្ថានទូតរបស់ទីក្រុងវ៉ាស៊ីនតោនឡើងវិញ នៅទីនោះ។
នាថ្ងៃទី១១ ខែមករា នៅលើយន្តហោះ Air Force One លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសវ៉េណេស៊ុយអេឡាពិតជាកំពុងធ្វើការបានល្អ។ យើងកំពុងធ្វើការរួមគ្នាយ៉ាងល្អជាមួយថ្នាក់ដឹកនាំរបស់ប្រទេសនេះ»។ ហើយនៅពេលត្រូវបានសួរថា តើលោកមានគម្រោងជួបជាមួយលោកស្រី Rodriguez ដែរ ឬទេ លោក Trump បានឆ្លើយថា «ខ្ញុំនឹងជួបនៅពេលណាមួយ»៕
