ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី១១ ខែមករា ឆ្នាំ២០២៦) បានចែករំលែកលើបណ្ដាញសង្គមនូវសារ ដែលលើកឡើងថា រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍ជនជាតិគុយបា នឹងក្លាយជាមេដឹកនាំបន្ទាប់របស់ប្រទេសគុយបា។
លោក Trump បានចែករំលែកនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកនូវសារមួយពីអ្នកប្រើប្រាស់បណ្ដាញសង្គម X ឈ្មោះ Cliff Smith កាលពីថ្ងៃទី៨ ខែមករា ដែលសរសេរថា «លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីនៃប្រទេសគុយបា»។ នៅពេលចែករំលែកសារនោះ លោក Trump បានអត្ថាធិប្បាយថា៖ «ខ្ញុំមិនជំទាស់នោះទេ!»។

គួរបញ្ជាក់ថា ការចែករំលែកនូវសារនេះដោយលោក Trump បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីកងកម្លាំងអាមេរិក បានចាប់ខ្លួនមេដឹកនាំរបស់ប្រទេសវ៉េណេស៊ុយអេឡា គឺលោក Nicolas Maduro ក្នុងអំឡុងពេលមានប្រតិបត្តិការ នាពេលយប់ នៅទីក្រុងការ៉ាកាស ជាព្រឹត្តិការណ៍ដែលបានសម្លាប់កងកម្លាំងសន្តិសុខវេណេស៊ុយអេឡា និងគុយបារាប់សិបនាក់។
រដ្ឋាភិបាលកុម្មុយនីស្តរបស់គុយបាមិនទាន់ឆ្លើយតបដោយផ្ទាល់នៅឡើយទេ ចំពោះការលើកឡើងក្នុងន័យញុះញង់របស់មេដឹកនាំអាមេរិក ដែលថា ពលរដ្ឋអាមេរិកអាចគ្រប់គ្រងប្រទេសកោះនេះបាន។ ប៉ុន្តែភ្លាមៗ បន្ទាប់ពីការបង្ហោះរបស់លោក Trump រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានទទូចថា «សិទ្ធិ និងយុត្តិធម៌ គឺឈរខាងគុយបា»៕
