កាលពីរសៀលថ្ងៃអាទិត្យ (ទី១១ ខែមករា ឆ្នាំ២០២៦) បុរសម្នាក់បានបើកឡានដឹកទំនិញ U-Haul កាត់ហ្វូងមនុស្សមួយក្រុម នៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ដែលកំពុងដង្ហែក្បួនបង្ហាញការគាំទ្រដល់បាតុកម្មប្រឆាំងរដ្ឋាភិបាលដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក J. Michael Bland អ្នកនាំពាក្យនៃនគរបាលក្រុង Los Angeles បាននឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ត ដែលបានបុកមនុស្សម្នាក់ តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។ នគរបាលបានឲ្យដឹងបន្ថែមថា មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា សម្រាប់ការតវ៉ា នៅក្នុងតំបន់ Westwood នៃ Los Angeles។

វីដេអូដែលត្រូវបានចែករំលែកទៅសារព័ត៌មាន The New York Times ដោយមនុស្សម្នាក់ពីក្រុមអ្នកតវ៉ានោះ ក៏ដូចជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដែល បង្ហាញពីឡានដឹកទំនិញកំពុងបើកកាត់ហ្វូងមនុស្សដ៏ច្រើនកុះករ ដែលកាន់ទង់ជាតិអ៊ីរ៉ង់ និងបដាដែលសរសេរថា «យុត្តិធម៌សម្រាប់អ៊ីរ៉ង់»។
ឡានដឹកទំនិញ ដែលម្ដងបន្ថែមល្បឿន ហើយម្ដងឈប់ មានសញ្ញាផ្ទាល់ខ្លួនដែលហាក់ដូចជាមិនជំរុញឲ្យមានការពាក់ព័ន្ធរបស់អាមេរិក ក្នុងវិបត្តិនយោបាយ នៅអ៊ីរ៉ង់។ មនុស្សមួយចំនួននៅក្នុងហ្វូងអ្នកតវ៉ានោះ បានស្រែកដាក់ឡាននោះ។ វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញពីក្រុមអ្នកតវ៉ាកំពុងវាយបំបែកបង្អួចឡានដឹកទំនិញនោះ៕

