យោងតាមការអះអាងរបស់ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សយ៉ាងហោច ៥៤៤នាក់ ត្រូវបានសម្លាប់ ពេលដែលអ៊ីរ៉ង់ឈានចូលដល់សប្តាហ៍ទី ៣នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ។
ការបិទប្រព័ន្ធទំនាក់ទំនង ដាក់ដោយក្រុមអាជ្ញាធរ បច្ចុប្បន្នមានរយៈពេលជាង ៣ថ្ងៃមកហើយ ហើយអ៊ីរ៉ង់ បានព្រមានផងដែរចំពោះការលូកដៃចូលរបស់សហរដ្ឋអាមេរិក ។

ប្រធានសភាអ៊ីរ៉ង់ បានព្រមានថា យោធាសហរដ្ឋអាមេរិក និងមូលដ្ឋានពាណិជ្ជកម្ម នឹងក្លាយជាគោលដៅវាយប្រហារសម្រាប់ការសងសឹក បើសិនជាសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ផ្នែកយោធា ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា អ៊ីរ៉ង់សុំចរចា ពេលដែលរដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែងជម្រើសយោធាដែលអាចកើតមានសម្រាប់ការធ្វើអន្តរាគមន៍ ។
បាតុកម្មនេះ ត្រូវបានគេមើលឃើញកើតមាននៅផុតព្រំដែនអ៊ីរ៉ង់ ។ នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក មនុស្សម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបើករថយន្តធំ ឆ្លងកាត់ហ្វូងមនុស្ស អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ។
នៅទីក្រុងតេអេរ៉ង់ ឯកអគ្គរដ្ឋទូតអង់គ្លេស ត្រូវបានកោះហៅឲ្យចូលខ្លួន ក្រោយបាតុករម្នាក់នៅទីក្រុងឡុងដ្រ៍ ហែកចោលទង់ជាតិនៅស្ថានទូតអ៊ីរ៉ង់ ៕
