ក្រុមសកម្មជនកូរ៉េខាងត្បូង បានជួបជុំគ្នាប្រឆាំងជប៉ុន នៅមុខបរិវេណវិមានប្រធានាធិបតី ស្ថិតក្នុងទីក្រុងសេអ៊ូលនាថ្ងៃចន្ទនេះ មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Lee Jae Myung ទៅកាន់ប្រទេសជប៉ុន ។
លោក Leeគ្រោងនឹងមានជំនួបកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi នៅថ្ងៃអង្គារស្អែក រយៈពេល ១សប្តាហ៍ ក្រោយជំនួបកំពូលជាមួយលោកប្រធានាធិបតីចិន Xi Jinping ស្របពេលដែលទីក្រុងសេអ៊ូលខិតខំធ្វើឲ្យមានតុល្យភាពទំនាក់ទំនងជាមួយប្រទេសជិតខាងទាំង ២ ។

ក្រុមសកម្មជនរាប់សិបនាក់ មកពីក្រុមសង្គមស៊ីវិលផ្សេងៗជាច្រើន នាំគ្នាស្រែកពាក្យស្លោក និងកាន់បដា រួមទាំងបដាសរសេរពាក្យថ្កោលទោសលោកស្រី Takaichi សម្រាប់ការបដិសេធន៍ប្រវត្តិសាស្រ្តឈ្លានពាន និងឧក្រិដ្ឋកម្មសង្រ្គាមរបស់ទីក្រុងតូក្យូ ។
កិច្ចប្រជុំកំពូលនៅខេត្តកំណើត Nara របស់លោកស្រី Takaichi នឹងផ្តល់ឱកាសផងដែរដល់លោក Lee ដើម្បីលើកយកបញ្ហាកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលជាផ្នែកមួយនៃការសន្យា ក្នុងការជំរុញការអភិវឌ្ឍលើវិស័យជាច្រើននៅក្រៅទីក្រុងសេអ៊ូល ។
ទំនាក់ទំនងប្រទេសទាំង ២ នៅតែយីយាដោយសារភាពតានតឹងជាយូរលង់ណាស់មកហើយលើប្រធានបទជាច្រើន រួមទាំងការធ្វើអាណានិគមនៅកូរ៉េរបស់ជប៉ុន និងទាសភាពផ្លូវភេទលើស្រ្តីកូរ៉េ អំឡុងសម័យសង្រ្គាម ៕
