នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃអាទិត្យ បានរិះគន់សកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងអ្វីដែលលោកបានពិពណ៌នាថា ជា «ការគំរាមកំហែងនៃវោហាសាស្ត្រ»ចំពោះប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនលែន ដោយព្រមានថា វិធានការបែបនេះ ធ្វើឲ្យ ប៉ះពាល់ដល់ច្បាប់អន្តរជាតិ និងបង្កើនហានិភ័យសម្រាប់ប្រទេសតូចៗ។
លោក Kristersson បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទគោលនយោបាយសន្តិសុខប្រចាំឆ្នាំរបស់ ស៊ុយអែត នៅទីក្រុងរមណីយដ្ឋាន Salen ភាគខាងលិច ដោយនិយាយថា បរិយាកាសអន្តរជាតិកាន់តែមានគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន។

ដោយពិពណ៌នាអំពីសកម្មភាពរបស់សហរដ្ឋអាមេរិកទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡាថា ជាការរំលោភច្បាប់អន្តរជាតិ លោកបានព្រមានថា គំរូនេះអាចជំរុញឲ្យមានសកម្មភាពស្រដៀងគ្នា និងរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ថែមទៀត។
ដោយសំដៅទៅលើវោហាសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសដាណឺម៉ាក និងកោះហ្គ្រីនលែន លោក Kristersson បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែបង្ហាញការដឹងគុណចំពោះប្រទេសដាណឺម៉ាក ព្រោះវាជាសម្ព័ន្ធមិត្តយូរអង្វែង។ លោកក៏បានសន្យាថា ប្រទេសស៊ុយអែតគាំទ្រប្រទេសដាណឺម៉ាកផងដែរ។
លោកបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពរបស់ប្រទេសតូចៗ នៅក្នុងស្ថានភាពសកលបច្ចុប្បន្ន។ លោកបានលើកឡើងថា៖«មានហានិភ័យដែលប្រទេសតូចៗ នឹងត្រូវបានលះបង់។ សម្រាប់ប្រទេសមួយដូចជាប្រទេសស៊ុយអែត នេះគឺជារឿងធ្ងន់ធ្ងរជាពិសេស»៕
