នៅថ្ងៃចន្ទនេះ ចិនបានជំរុញឲ្យសហរដ្ឋអាមេរិកមិនត្រូវប្រើប្រាស់ប្រទេសដទៃជាលេស ដើម្បីតាមរកផលប្រយោជន៍របស់ខ្លួននោះឡើយ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិក ត្រូវការគ្រប់គ្រងកោះ Greenland ដើម្បីការពាររុស្ស៊ី ឬចិន ពីការកាន់កាប់វានាពេលអនាគត ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា តំបន់អាក់ទិកពាក់ព័ន្ធនឹងផលប្រយោជន៍របស់សហគមន៍អន្តរជាតិ ។

អ្នកស្រីនិយាយថា សកម្មភាពរបស់ចិននៅតំបន់អាក់ទិក មានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភីវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងអនុឡោមតាមច្បាប់អន្តរជាតិ ។
អ្នកស្រី Ning បន្តថា សិទ្ធិសេរីភាពរបស់ប្រទេសទាំងអស់ ក្នុងការធ្វើសកម្មភាពនៅតំបន់អាក់ទិក អនុឡោមតាមច្បាប់ គួរតែត្រូវបានគេគោរពយ៉ាងពេញលេញ ។
លោកស្រីបានអំពាវនាវផងដែរឲ្យគោរពសិទ្ធិ និងសេរីភាពរបស់ប្រទេសទាំងអស់ ក្នុងការធ្វើសកម្មភាពដោយស្របច្បាប់នៅតំបន់អាក់ទិក ៕
