មេដឹកនាំស្តាំនិយមជ្រុលបារាំង លោកស្រី Marine Le Pen ចាប់ផ្តើមប្រឈមជាមួយដំណើរការបណ្ដឹងឧទ្ធរណ៍ដ៏សំខាន់មួយ នៅទីក្រុងប៉ារីស នាសប្តាហ៍នេះ ដែលនឹងកំណត់ថា តើលោកស្រីអាចឈរឈ្មោះ អំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ បានដែរ ឬទេ បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យប្រជែងដណ្ដើមតំណែងសាធារណៈ ដោយសារតែមានទោសពីបទប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប (EU) មិនត្រឹមត្រូវ។
លោកស្រី Le Pen ដែលជាមេដឹកនាំដ៏យូរអង្វែងរបស់គណបក្សស្ដាំនិយមជ្រុល National Rally (RN) ត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេ ក្នុងការប្រកួតប្រជែងឆ្នាំ២០២៧ រហូតដល់ពេលដែលលោកស្រីត្រូវបានរកឃើញថា មានទោសកាលពីឆ្នាំមុន ពីបទប្រើប្រាស់មិនត្រឹមត្រូវនូវថវិការបស់ EU ជាង ៤លានអឺរ៉ូ (៤,៧លានដុល្លារ) និងត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះដណ្ដើមតំណែងសាធារណៈរយៈពេល ៥ឆ្នាំ ដែលមានប្រសិទ្ធភាពភ្លាមៗ។

លោកស្រី Le Pen បានប្តឹងឧទ្ធរណ៍ ខណៈដែលគណបក្ស RN និងសមាជិក ១០នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញថា មានទោស ពីបទប្រើប្រាស់មូលនិធិសភាអឺរ៉ុបខុសគោលដៅ ក៏ធ្វើដូចគ្នាដែរ។ សវនាការចាប់ផ្តើមនៅថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) ហើយគួរតែបញ្ចប់នៅថ្ងៃទី១២ ខែកុម្ភៈ។
សេចក្ដីសម្រេចមួយត្រូវបានគេរំពឹងទុកនឹងកើតមាននៅមុនរដូវក្តៅ ដែលមានន័យថា ក្តីសង្ឃឹមរបស់លោកស្រីក្នុងការបានឈរឈ្មោះ នៅឆ្នាំ២០២៧ នៅតែមិនទាន់បាត់បង់ ប្រសិនបើបម្រាមរយៈពេល ៥ឆ្នាំ ចំពោះរូបលោកស្រី ត្រូវបានលុបចោល ឬកាត់បន្ថយពេលយ៉ាងច្រើន។
ប្រសិនបើលោកស្រីមិនអាចឈរឈ្មោះបានទេនោះ លោកស្រី Le Pen បានបញ្ជាក់ថា បុគ្គលដែលលោកស្រីគាំទ្រ គឺលោក Jordan Bardella វ័យ ៣០ឆ្នាំដែលជាប្រធានគណបក្ស RN នឹងចូលរួមប្រកួតប្រជែងជំនួសលោកស្រី៕
