វាយកូនគោល៖ កីឡាករវាយកូនគោលអាមេរិក Scottie Scheffler បានគ្រងជើងឯកការប្រកួតកម្មវិធី Arnold Palmer Invitational ដែលជាជើងឯកក្នុងក្របខណ្ឌ PGA Tour លើកទី២ ក្នុងការប្រឡូកចូល ៣កម្មវិធីដំបូងប៉ុណ្ណោះនៅក្នុងអាជីព។ Scheffler ធ្វើបាននៅថ្ងៃចុងក្រោយត្រឹមអ៊ីវិនផាប៉ុណ្ណោះ តែសរុបរួម ៥អាន់ឌើផាដើម្បីគ្រងជើងឯក។
កីឡាករអង់គ្លេស Tyrrell Hatton ដែលជាជើងឯកឆ្នាំ២០២០ នោះបានបញ្ចប់ជុំចុងក្រោយ ៣អាន់ឌើផា តែសរុបរួមមានត្រឹម ៤អាន់ឌើផាបានត្រឹមជើងឯករងរួមជាមួយកីឡាករពីររូបទៀតគឺ Viktor Hovland និង Billy Harschel។ រីឯកីឡាករជើងខ្លាំងផ្សេងទៀតដូចជា Rory McIlroy និង Graeme McDowell ធ្វើបានត្រឹម ១អូវើផាប៉ុណ្ណោះ។ សូមបញ្ជាក់ថា កីឡាករវ័យ ២៥ឆ្នាំ Scottie Scheffler ទើបតែបានចូលលេងក្នុងក្របខណ្ឌ PGA Tour លើកទី៣ ប៉ុណ្ណោះតែឈ្នះជើងឯក ២លើកទៅហើយដែលរួមមាន Phoenix Open និង Arnold Palmer Invitational នេះ៕
អត្ថបទ៖នាង សុភាវុធ