ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងមានកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នាថ្ងៃទី១៣ ខែមករា ដោយជំនួបនេះកើតឡើង មួយសប្តាហ៍បន្ទាប់ពីរូបលោកបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ខណៈដែលទីក្រុងសេអ៊ូល កំពុងប្រឹងប្រែងធ្វើឲ្យមានតុល្យភាព នៅក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងទាំង២។
កិច្ចប្រជុំកំពូល នៅទីក្រុង Nara របស់ប្រទេសជប៉ុន បានកើតឡើងស្របពេលមានជម្លោះការទូតកាន់តែខ្លាំងឡើងៗ រវាងទីក្រុងប៉េកាំង និងតូក្យូ ហើយអ្នកវិភាគរំពឹងថា លោកស្រី Takaichi នឹងបញ្ជាក់ពីស្ថិរភាពនៃទំនាក់ទំនង ៣ភាគី រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

លោក Lee បានប្រើវិធីសាស្រ្ត «ការទូតគិតពីហេតុផលជាក់ស្តែង» ក្នុងការប្រឹងប្រែងធ្វើឲ្យមានតុល្យភាព នៅក្នុងទំនាក់ទំនងជាមួយប្រទេសចិន និងជប៉ុន ដែលអាចនាំឲ្យវាកាន់តែងាយស្រួល ក្នុងការឈានដល់កិច្ចព្រមព្រៀង ក្នុងវិស័យពាណិជ្ជកម្ម ដូចជា AI (បញ្ញាសិប្បនិម្មិត) ជាដើម។
លោកសាស្ត្រាចារ្យ Yang Kee-ho នៅសាកលវិទ្យាល័យ Sungkonghoe របស់កូរ៉េខាងត្បូង បាននិយាយថា៖ «តាមប្រវត្តិសាស្ត្រ ជម្លោះរវាងប្រទេសចិន និងជប៉ុន បន្តមានអស់រយៈពេលជាយូរមកហើយ។ វាទំនងជាអាចខ្លាំងណាស់ ដែលទំនាក់ទំនងចិន-ជប៉ុន នឹងកាន់តែអាក្រក់ទៅៗ ពេញមួយអាណត្តិរបស់លោកស្រី Takaichi»។
ទីក្រុងប៉េកាំងមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីលោកស្រី Takaichi បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថា ការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ អាចត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់ប្រទេសជប៉ុន ដែលអាចបង្កឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ។
អ្នកជំនាញជប៉ុនម្នាក់ទៀត នៅសាកលវិទ្យាល័យ Hankuk University of Foreign Studies គឺលោកសាស្ត្រាចារ្យ Lee Chang-min បាននិយាយថា នៅចំពោះមុខភាពតានតឹងជាមួយចិននេះ ជប៉ុនអាចស្វែងរកការពង្រឹងទំនាក់ទំនងការទូតជាមួយកូរ៉េខាងត្បូង ដែលអាចតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ៕
