កងជីវពលប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានសម្លាប់មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាហេតុការណ៍មួយដែលក្រុមហាម៉ាស បានស្ដីបន្ទោសថា ជាការឃុបឃិតជាមួយអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍មួយពីក្រសួងមហាផ្ទៃគ្រប់គ្រងដោយហាម៉ាស បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារចេញពីរថយន្ត ១គ្រឿងដែលបើកឆ្លងកាត់ ដោយបានសម្លាប់លោក Mahmoud Al-Astal ដែលជាប្រធានអង្គភាពនគរបាលព្រហ្មទណ្ឌ នៅទីក្រុង Khan Younis នៅភាគខាងត្បូងនៃតំបន់នេះ។ ស្ថាប័ននេះបានពិពណ៌នាអំពីអ្នកវាយប្រហារថា ជា «ក្រុមឃុបឃិតជាមួយពួកត្រួតត្រា»។
លោក Hussam Al-Astal មេដឹកនាំនៃក្រុមប្រឆាំងននឹងក្រុមហាម៉ាសដែលមានមូលដ្ឋាននៅក្នុងតំបន់មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល នៅភាគខាងកើតនៃទីក្រុង Khan Younis បានអះអាងទទួលខុសត្រូវ ចំពោះការសម្លាប់នេះ នៅក្នុងវីដេអូមួយដែលលោកបានបង្ហោះលើទំព័រ Facebook របស់លោក។ ដោយមានស្លៀកពាក់ឯកសណ្ឋានយោធាពណ៌ខ្មៅ និងកាន់កាំភ្លើងវែង លោកបាននិយាយថា៖ «ជូនចំពោះអ្នកដែលធ្វើការជាមួយក្រុមហាម៉ាស វាសនារបស់អ្នក គឺត្រូវស្លាប់។ សេចក្តីស្លាប់កំពុងទៅរកអ្នកហើយ»។
ទោះបីជានៅតែមានទំហំតូច និងមានកម្រិតក៏ដោយ ក៏ការលេចចេញនូវក្រុមប្រឆាំងនឹងក្រុមប្រដាប់អាវុធហាម៉ាសបែបនេះ បានបន្ថែមសម្ពាធលើក្រុមឥស្លាមនិយម និងអាចនាំឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានស្ថិរភាព និងការបង្រួបបង្រួម នៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមរយៈពេល ២ឆ្នាំ៕