រដ្ឋមន្រ្តីការពារជាតិសូម៉ាលីលោក Ahmed Moalim Fiqi បានចោទប្រកាន់អ៊ីស្រាអែលថា មានផែនការជម្លៀសខ្លួនទាំងបង្ខំជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាទៅកាន់ដែនដី Somaliland ដោយរូបលោកបរិហារផែនការចោទប្រកាន់មួយនេះថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera លោក Fiqi និយាយថា សូម៉ាលីមានព័ត៌មានអះអាងដែលអាចបញ្ជាក់ថា អ៊ីស្រាអែលមានផែនការ ដើម្បីផ្ទេរជនប៉ាឡេស្ទីន និងបញ្ជូនពួកគេទៅកាន់ដែនដី Somaliland ។
សេចក្តីអត្ថាធិប្បាយរបស់លោក Fiqi បានកើតមាន ក្រោយក្តីបារម្ភជាយូរមកហើយដែលត្រូវបានលើកឡើងដោយក្រុមមន្រ្តីសូម៉ាលីថា អ៊ីស្រាអែលមានបំណងបណ្តេញជនប៉ាឡេស្ទីនទាំងបង្ខំចេញពីតំបន់ហ្កាហ្សា ទៅកាន់ដែនដី Somaliland គឺជាសេចក្តីរាយការណ៍មួយដែលតំបន់ស្វ័យគ្រប់គ្រងមួយនេះ និងអ៊ីស្រាអែល បានច្រានចោល ។
សូមបញ្ជាក់ថា ដែនដី Somaliland បានប្រកាសឯករាជ្យពីសូម៉ាលីកាលពីឆ្នាំ ១៩៩១ ប៉ុន្តែពុំធ្លាប់ដែលទទួលបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនោះឡើយ ។ ការសម្រេចចិត្តកាលពីខែធ្នូ របស់អ៊ីស្រាអែល បានធ្វើឲ្យពួកគេក្លាយជាប្រទេសដំបូងគេ ទទួលស្គាល់ឯករាជ្យរបស់ដែនដី Somaliland ។
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar និយាយប្រាប់ទូរទស្សន៍អ៊ីស្រាអែល Channel 14 កាលពីសប្តាហ៍មុនថា ការជម្លៀសទាំងបង្ខំជនប៉ាឡេស្ទីនទៅកាន់ដែនដី Somaliland មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ពួកយើងនោះទេ ៕