ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ព្រិលធ្លាក់កាន់តែតិច នៅតំបន់ភ្នំហិម៉ាឡៃ នឹងធ្វើឲ្យតំបន់ភ្នំមួយនេះលែងមានអ្វីក្រៅពីមានថ្មប៉ុណ្ណោះ ។
ពួកគេនិយាយថា ភាគច្រើននៃរដូវរងាក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ត្រូវបានគេមើលឃើញពីការថមថយចំនួនព្រិលធ្លាក់ បើធៀបនឹងចំនួនព្រិលធ្លាក់ជាមធ្យមចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០២០ ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ និងក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា សីតុណ្ហភាពកើនឡើង មានន័យផងដែរថា ព្រិលធ្លាក់តិច នឹងឆាប់រលាយ ហើយតំបន់ទាបៗមួយចំនួន នឹងមើលឃើញភ្លៀងធ្លាក់កាន់តែច្រើន ហើយព្រិលធ្លាក់កាន់តែតិច ដោយសារការឡើងកម្តៅផែនដី ។
ការសិក្សាបានបង្ហាញផងដែរថា មាននូវអ្វីមួយដែលបច្ចុប្បន្នគេហៅថា “គ្រោះរាំងស្ងួតព្រិល” អំឡុងរដូវរងានៅតាមផ្នែកជាច្រើននៃតំបន់ភ្នំហិម៉ាឡៃ ។
ការរលាយផ្ទំាងទឹកកកកើនឡើង ស្របពេលមានការឡើងកម្តៅផែនដី បានក្លាយជាវិបត្តិធំជាយូរមកហើយ នៅរដ្ឋតំបន់ភ្នំហិម៉ាឡៃ របស់ប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀត នៅក្នុងតំបន់នោះ ។
ក្រុមអ្នកជំនាញនិយាយថា ការកាត់បន្ថយទឹកកក និងព្រិល មិនត្រឹមតែធ្វើឲ្យតំបន់ភ្នំហិម៉ាឡៃផ្លាស់ប្តូរសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សរាប់រយលាននាក់ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់ផងដែរ ។
ពួកគេបន្តថា ក្រៅពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក ស្ថានភាពបែបនេះ មានន័យផងដែរថា តំបន់នឹងប្រឈមការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ដោយសារតែស្ថានភាពអាកាសធាតុស្ងួត ៕