កាលពីថ្ងៃចន្ទ (១២ មករា) បេសកកម្មត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅអ៊ុយក្រែន បាននិយាយថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានជនស៊ីវិលស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មក ដែលបណ្តាលមកពីអរិភាពកាន់តែខ្លាំងក្លាឡើងតាមបណ្តោយសមរភូមិជួរមុខ និងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយកាន់តែច្រើន។

អំពើហិង្សាទាក់ទងនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលចំនួន ២.៥១៤នាក់ និងរបួស ១២.១៤២នាក់ ក្នុងឆ្នាំ២០២៥ ដែលជាកំណើនដល់ទៅ ៣១% នៃចំនួនជនរងគ្រោះពីតួលេខឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស UN។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគច្រើននៃអ្នកស្លាប់និងរបួស ដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការឃ្លាំមើលនេះ បានកើតឡើងនៅក្នុងទឹកដីដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន ដោយសារការវាយប្រហារដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ ជាទូទៅ មន្ត្រីអ៊ុយក្រែនលើកឡើងពីតួលេខរបស់អង្គការសហប្រជាជាតិ ថាជាទិន្នន័យត្រឹមត្រូវ។
អង្គភាពឃ្លាំមើលនេះបន្តថា កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីដណ្តើមយកទឹកដីឱ្យកាន់តែច្រើននៅឆ្នាំ២០២៥ បានបណ្តាលឱ្យមានការស្លាប់ និងរបួសជនស៊ីវិលដ៏ច្រើន ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការបញ្ឈប់សេវាកម្មសំខាន់ៗ និងរលកថ្មីនៃជម្លៀសខ្លួននៅតំបន់ជួរមុខ។ ជាមួយគ្នានេះ ទាហានរាប់សែននាក់នៅភាគីជម្លោះទាំងសងខាង ត្រូវបានគេជឿថា បានស្លាប់ឬរងរបួស នៅក្នុងសង្គ្រាមដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ទោះបីជាភាគីទាំងពីរមិនបញ្ចេញតួលេខពេញលេញក៏ដោយ៕

