សារព័ត៌មានInterfax បានរាយការណ៍កាលពីថ្ងៃចន្ទ១២ មករា សប្ដាហ៍នេះ ថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រជាជនហ្គ្រីនលែនអាចបោះឆ្នោតចូលរួមជាមួយរុស្ស៊ី ប្រសិនបើប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីយកកោះអាកទិកមួយនេះនោះទេ។

សារព័ត៌មានដដែលនេះ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Medvedev អតីតប្រធានាធិបតីរុស្ស៊ីថា លោក Trump ត្រូវតែប្រញាប់ប្រញាល់។ យោងតាមព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ ក្នុងរយៈពេលពីរបីថ្ងៃទៀត អាចមានការធ្វើប្រជាមតិភ្លាមៗ ដែលប្រជាជនហ្គ្រីនលែនទាំងអស់ចំនួន ៥៥.០០០នាក់ អាចបោះឆ្នោតចូលរួមជាមួយរុស្ស៊ី។

លោក Trump បានជំរុញជាថ្មីសម្រាប់សហរដ្ឋអាមេរិកឱ្យគ្រប់គ្រងកោះហ្គ្រីនលែន ដែលជាទឹកដីស្វ័យគ្រប់គ្រងរបស់ដាណឺម៉ាក ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោនត្រូវការកាន់កាប់ដើម្បីរារាំងរុស្ស៊ី។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ទីតាំង និងធនធានរបស់ដែនដីនេះ ធ្វើឱ្យកោះហ្គ្រីនលែនមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ ដែលជំរុញឱ្យមានការជំទាស់យ៉ាងម៉ឺងម៉ាត់ពីប្រទេសដាណឺម៉ាក និងហ្គ្រីនលែន។

ខណៈរុស្ស៊ីមិនទាមទារយកកោះហ្គ្រីនលែន ខ្លួនបានតាមដានជាយូរមកហើយនូវតួនាទីយុទ្ធសាស្ត្ររបស់កោះនេះនៅក្នុងសន្តិសុខអាកទិក ដោយសារតែទីតាំងរបស់ដែនដីនេះ ស្ថិតនៅលើផ្លូវអាត្លង់ទិកខាងជើង និងវត្តមាននៃទីតាំងឃ្លាំមើលយោធា និងអវកាសដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅទីនោះ។
វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយលើការជំរុញឡើងវិញរបស់លោក Trump ទេ ប៉ុន្តែដោយហៅតំបន់អាកទិកថាជាតំបន់ផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី វិមានក្រឹមឡាំងបាននិយាយកាលពីឆ្នាំមុនថា ខ្លួនកំពុងតាមដានការជជែកដេញដោលយ៉ាងដិតដល់ជុំវិញកោះ Greenland ៕