ក្តីបារម្ភពីអន្តរជាតិបានកើនឡើងកាន់តែខ្លាំងចំពោះការបង្ក្រាបដោយហិង្សារបស់អាជ្ញាធរអ៊ីរ៉ង់ លើការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ ដែលចាប់ផ្ដើមកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ដោយមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចលើសពី ៦.០០០ នាក់ទៅហើយ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស និងសេចក្ដីរាយការណ៍នានាកាលពីថ្ងៃចន្ទ (១២ មករា)។

អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បានបញ្ជាក់ថា យ៉ាងហោចណាស់ មានអ្នកតវ៉ាចំនួន ៦៤៨នាក់ ត្រូវបានសម្លាប់ នៅថ្ងៃទី១៦ នៃបាតុកម្ម រួមទាំងមនុស្សមួយចំនួនអាយុក្រោម ១៨ឆ្នាំ។ IHR បានកត់សម្គាល់ថា តួលេខនេះ រួមបញ្ចូលតែការស្លាប់ដែលបានបញ្ជាក់ដោយផ្ទាល់ ឬផ្ទៀងផ្ទាត់តាមរយៈប្រភពឯករាជ្យចំនួនពីរប៉ុណ្ណោះ ដោយបន្ថែមថា «ការប៉ាន់ស្មានមួយចំនួនបង្ហាញថា ចំនួនអ្នកស្លាប់អាចលើសពី ៦.០០០នាក់» ខណៈយុវជនប្រឈមមុខនឹងការប្រហារជីវិតក្នុងភាពចលាចលនេះ។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា មនុស្សចំនួន ១០.៦៨១នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ នៃការតវ៉ា ដោយមានករណីបង្ខំឱ្យសារភាពចំនួន ៩៦ករណី ក្នុងចំណោមអ្នកជាប់ឃុំ។ សហគមន៍អន្តរជាតិភ័យខ្លាចថា ក្រុមបាតុករដែលត្រូវបានឃុំខ្លួន អាចប្រឈមនឹងការប្រហារជីវិតទ្រង់ទ្រាយធំ ក្រោមការចោទប្រកាន់មិនពិតថាពួកគេជា «ភេរវករ» ឬ «ជនក្បត់ជាតិ»។
សារព័ត៌មាន Time Magazine របស់អាមេរិក បានរាយការណ៍នៅថ្ងៃចន្ទដដែលនោះថា ទោះបីជាសេវាអ៊ីនធឺណិតត្រូវកាត់ផ្ដាច់ក៏ដោយ វីដេអូពីទូរសព្ទដៃបានបង្ហាញឱ្យឃើញ កាំភ្លើងយន្តដែលដាក់លើរថយន្តដឹកទំនិញ កំពុងបាញ់រះតាមដងផ្លូវលំនៅឋាន ខណៈមន្ទីរពេទ្យពោរពេញជនរងគ្រោះពីការបាញ់ប្រហារ និងសាលតម្កល់សពពោរពេញទៅដោយសាកសពមនុស្សរាប់រយនាក់ បន្ទាប់ពីការវាយប្រហារនៅយប់ដំបូង៕


