លោកប្រធានាធិបតី Donald Trump បានអះអាងថា ការកាន់កាប់ដែនដី Greenland គឺចាំបាច់សម្រាប់សហរដ្ឋអាមេរិកដើម្បីទប់ស្កាត់រុស្ស៊ី ឬចិន កុំឲ្យទទួលបានការគ្រប់គ្រងទឹកដីអាកទិកយុទ្ធសាស្ត្ររបស់ប្រទេសដាណឺម៉ាកមួយនេះ។

ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទ១២មករា សប្ដាហ៍នេះ ថា សហរដ្ឋអាមេរិកមិនគួរប្រើប្រាស់ប្រទេសដទៃជា «លេស» ដើម្បីបន្តផលប្រយោជន៍របស់ខ្លួននៅហ្គ្រីនលែនទេ ហើយបាននិយាយថា សកម្មភាពរបស់ខ្លួន នៅក្នុងតំបន់អាកទិកគោរពតាមច្បាប់អន្តរជាតិ។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Washington, DC ពីរដ្ឋ Florida ថា ប្រសិនបើអាមេរិកមិនយក Greenland ទេ រុស្ស៊ី ឬចិននឹងយក Greenland លោកមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងឡើយ ប៉ុន្តែតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។ លោកនឹងយក Greenland ឲ្យបាន។
លោក Trump បាននិយាយថាដែនដី Greenland គួរតែយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះសម្រាប់សន្តិសុខ និងអនាគតរបស់ខ្លួន។

លោកថាGreenland គួរតែធ្វើកិច្ចព្រមព្រៀង ព្រោះ Greenland មិនចង់ឃើញរុស្ស៊ី ឬចិនកាន់កាប់ទេ។
ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា លោកមិនចាប់អារម្មណ៍លើការរៀបចំបណ្តោះអាសន្ន ដូចជាការជួលទឹកដីនោះទេ តែជាការទិញយកជាអចិន្ត្រៃយ៍៕