ការស្ទង់មតិចំនួនពីរបានបង្ហាញថា គណបក្សប្រជាជនជឿនលឿនដែលជាបក្សប្រឆាំងរបស់ប្រទេសថៃ និងមេដឹកនាំរបស់ខ្លួន ទទួលបានការពេញចិត្តបំផុតក្នុងចំណោមអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតសកលនៅខែកុម្ភៈខាងមុខ ដោយស្ដែងឡើងនូវការប្រឈមខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល (Anutin Charnvirakul) ក្នុងការបន្តកាន់តំណែង។

ការបោះឆ្នោតនៅថ្ងៃទី ៨ ខែកុម្ភៈខាងមុខ របស់ប្រទេសថៃ អាចនាំមកនូវភាពចលាចលថ្មីមួយនៅក្នុងប្រទេសនេះ ហើយនឹងក្លាយជាការប្រឈមដាក់គ្នារវាងគណបក្សប្រជាជនប្រឆាំងរដ្ឋាភិបាល គឺគណបក្សអភិរក្សនិយម ភូមិចៃថៃ (Bhumjaithai)របស់លោក អនុទីន និងអតីតគណបក្សកាន់អំណាច ភឿថៃ ដែលមានប្រវត្តិជូរចត់នៃការក្បត់គ្នា ដែលអាចធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតរដ្ឋាភិបាល។

គណបក្សប្រជាជនថៃ ត្រូវបានគាំទ្រដោយអ្នកឆ្លើយតបចំនួន៣៤,២ ភាគរយក្នុងការស្ទង់មតិចន្លោះថ្ងៃទី៦ដល់៩ ខែមករា ដោយសាកលវិទ្យាល័យ សួនឌូស៊ីត (Suan Dusit )ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ខណៈគណបក្សភូមិចៃថៃ ស្ថិតនៅលំដាប់ទីពីរ ចំនួន១៦,២ ភាគរយ និងគណបក្សភឿថៃ ដែលធ្លាប់លេចធ្លោទទួលបានសំឡេងគាំទ្រ១៦ ភាគរយ។

លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជនថៃ និងជាមេដឹកនាំគណបក្សប្រឆាំង គឺជាជម្រើសកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងចំណោម៣២ ភាគរយនៃមនុស្សចំនួន ២.៦៨២នាក់ ដែលត្រូវបានស្ទង់មតិ និងត្រូវបានតាមពីក្រោយដោយ បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្ស ភឿថៃ លោក Yodchanan Wongsawat ដែលទទួលបាន១៧,៤ ភាគរយ និងលោក Anutin ដែលទទួលបាន ១៥,១ ភាគរយ៕
