ប្រទេសវ៉េណេស៊ុយអេឡា បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១២ ខែមករា ថា ខ្លួនបានដោះលែងអ្នកទោសនយោបាយរាប់សិបនាក់បន្ថែមទៀត ខណៈក្រុមសិទ្ធិមនុស្សបានសួរអំពីចំនួន និងសមាជិកគ្រួសារដែលបានទាមទារការដោះលែងឱ្យបានកាន់តែលឿន បន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានបណ្តេញលោក Nicolas Maduro ចេញពីតំណែង និងចាប់ខ្លួនលោក។

ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលទីក្រុងការ៉ាកាស កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងដោះលែងអ្នកដែលជាប់ឃុំនៅក្រោមរបបដឹកនាំរបស់លោក Maduro ដែលពួកគេភាគច្រើនជាប់ឃុំដោយសារតែចូលរួមក្នុងការតវ៉ាបន្ទាប់ពីការជាប់ឆ្នោតជាថ្មីដ៏ចម្រូងសម្រាស់កាលពីឆ្នាំ២០២៤។ សាច់ញាតិអ្នកជាប់ឃុំ បានបោះជំរំនៅជិតពន្ធនាគារចាប់តាំងពីពេលនោះមក ហើយកាន់តែមានភាពវឹកវរ ខណៈមនុស្សជាទីស្រលាញ់របស់ពួកគេពុំទាន់បានបង្ហាញខ្លួន។

ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ទោះបីជាជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Maduro ក៏ដោយ ក៏កំពុងចរចាលើវិស័យជាច្រើនជាមួយទីក្រុងវ៉ាស៊ីនតោន ដែលកំពុងសម្លឹងរកការទាញយកប្រយោជន៍ពីប្រេងបម្រុងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសវ៉េណេស៊ុយអេឡា។ លោក Trump បាននិយាយថា លោកបើកចំហចំពោះជំនួបជាមួយលោកស្រី Rodriguez ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ «ដោយរលូន» ជាមួយលោកស្រី។
បេសកជនសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចនៅទីក្រុងការ៉ាកាស កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការបើកស្ថានទូតរបស់ទីក្រុងវ៉ាស៊ីនតោនឡើងវិញនៅទីនោះរយៈពេល៧ឆ្នាំបន្ទាប់ពីទំនាក់ទំនងការទូតត្រូវបានកាត់ផ្តាច់។ កាលពីថ្ងៃចន្ទ ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយថា អ្នកទោសនយោបាយចំនួន ១១៦នាក់ត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ទោះបីជាក្រុមប្រឆាំង និងក្រុមសិទ្ធិមនុស្សរាយការណ៍ពីតួលេខទាបជាងនេះក៏ដោយ។