លោក Mark Rutte ប្រមុខសម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃចន្ទ ទី១២ ខែមករា ថា សម្ព័ន្ធនេះកំពុងធ្វើការលើមធ្យោបាយនានាដើម្បីជំរុញសន្តិសុខនៅតំបន់មហាសមុទ្រអាកទិក ខណៈអឺរ៉ុបកំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការយកដែនដីហ្គ្រីនលែនមកគ្រប់គ្រង។

លោក Rutte បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងទស្សនកិច្ចនៅប្រទេសក្រូអាតថា «បច្ចុប្បន្នយើងកំពុងធ្វើការលើជំហានបន្ទាប់ ដើម្បីធានាបានថាយើងរួមគ្នាការពារអ្វីដែលកំពុងប្រឈម»។

លោក Trump បានធ្វើឲ្យរង្គោះរង្គើសម្ព័ន្ធដែលមានសមាជិក៣២ប្រទេសមួយនេះ ដោយមិនច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាកមួយនេះ ដែលជាសមាជិកណាតូដូចគ្នា។ មេដឹកនាំសហរដ្ឋអាមេរិក បានប្រើប្រាស់តម្រូវការចំបាច់ក្នុងការបង្កើនសន្តិសុខនៅក្នុងតំបន់អាកទិក ក្នុងការប្រឈមមុខជាមួយប្រទេសចិន និងរុស្ស៊ី ជាហេតុផលសំខាន់សម្រាប់មូលហេតុដែលទីក្រុងវ៉ាស៊ីនតោនត្រូវយកដែនដីកោះនេះមកគ្រប់គ្រង។ លោក Rutte និយាយថា «សម្ព័ន្ធមិត្តទាំងអស់បានព្រមព្រៀងលើសារៈសំខាន់នៃតំបន់អាកទិក និងសន្តិសុខតំបន់អាកទិក ព្រោះយើងដឹងថា ជាមួយនឹងផ្លូវសមុទ្របើកចំហនេះ មានហានិភ័យដែលរុស្ស៊ីនិងចិននឹងកាន់តែមានសកម្មភាព»។ លោកនិយាយថា «បច្ចុប្បន្នយើងកំពុងពិភាក្សាអំពីជំហានបន្ទាប់ចំពោះរឿងនេះ ពីរបៀបធានាបានថាយើងផ្តល់ការតាមដានជាក់ស្តែងលើកិច្ចពិភាក្សាទាំងនោះ»។ អ្នកការទូតនៅសម្ព័ន្ធយោធាណាតូនិយាយថា សមាជិកសម្ព័ន្ធមិត្តមួយចំនួនកំពុងមានគំនិតថ្មីៗ រួមទាំងការចាប់ផ្តើមបេសកកម្មថ្មីនៅក្នុងតំបន់នោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចពិភាក្សាស្ថិតនៅដំណាក់កាលដំបូង ហើយពុំទាន់មានសំណើជាក់ស្តែងណាមួយនៅលើតុនៅឡើយទេ។ មេដឹកនាំអឺរ៉ុបបានគាំទ្រប្រទេសដាណឺម៉ាក ខណៈប្រទេសនេះព្យាយាមទប់ស្កាត់បំណងរបស់លោក Trump ចំពោះដែនដី Greenland។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងដែនដី Greenland មានផែនការចរចានៅសប្តាហ៍នេះជាមួយអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Marco Rubio។